កំហុសអ្នកណា! ក្មេងប្រុសម្នាក់រត់ឆ្លងផ្លូវ ត្រូវរថយន្តដឹកឥដ្ឋ បុកស្លាប់ យ៉ាងអាណោចអាធ័មណាស់

0

ភ្នំពេញ៖ ក្មេងប្រុសម្នាក់ រត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តដឹកឥដ្ឋ មួយគ្រឿង ជាន់ហ្វ្រាំងមិនទាន់ បុកនិងកិនយ៉ាងពេញទំហឹង ស្លាប់ នៅនឹងកន្លែង យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍បង្ក ឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅព្រឹកថ្ងៃទីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ស្ថិតលើផ្លូវលេខ៣១៣០ ក្នុងភូមិព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុកស្វាយទាប បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះ នី ថៃ អាយុ៦ឆ្នាំ រស់នៅភូមិព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះក្រោយកើតហេតុបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រម៉ោល។

បើតាមអ្នកឃើញ ហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះបានរត់ឆ្លងកាត់ផ្លូវពីត្បូងទៅជើងដោយខ្វះប្រុងប្រយត្ន័ស្រាប់តែមានរថយន្តដឹកឥដ្ឋមួយគ្រឿងម៉ាក HYUNDAI ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ៣B-៩៤១៩បើកបរក្នុងទិសដៅពីកើតទៅលិចមកដល់ចំណុចកើតហេតុជាន់ហ្វ្រាំងមិនជាប់ក៏បុកកិនក្មេងរងគ្រោះបង្កការភ្ញាក់ផ្អើលតែម្ដង។

សមត្ថកិច្ច បន្តថាក្រោយកើតហេតុ សមត្ថកិច្ចបានមកដល់ធ្វើកំណត់ហេតុ និងប្រគល់សព ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី និងអូសយករថយន្ត ទៅកាន់ប៉ុស្តិ៍រដ្ឋបាល គគីសោម ដើម្បីរងចាំដោះស្រាយ គ្នាពេលក្រោយតាមច្បាប់។

សមត្ថកិច្ចនគរបាល ស្រុកស្វាយទាប បានអំពាវនាវ ដល់មាតាបិតា ត្រូវមានការប្រុងប្រយ័ត្ន មើលថែកូនរបស់ខ្លួន ឲ្យបានល្អមិនត្រូវបណ្តោយ ឲ្យកូនរត់ឆ្លងថ្នល់ដែលនាំឱ្យគ្រោះថ្នាក់ កើតឡើងជាយថាហេតុ នោះឡើយ៕