ស្គាល់តាមហ្វេសប៊ុក ឆាតបបួលខាងស្រី ថាទៅដើរលេង ឆ្លៀតឱកាសចាប់ រំលោភតែម្ដង

0

ភ្នំពេញ៖ កម្លាំងនគរបាលស្រុកលេីកដែក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ក្រោយធ្វើសកម្មភាពចាប់ រំលោភ សេពសន្ថវៈ ដោយមានស្ថានទម្ងន់ទោស នៅចំណុច មណ្ឌលវិបស្សនាធុរៈទួលសាលាវគ្គ ស្ថិតក្នុងភូមិកណ្ដាល ឃុំសណ្ដារ ស្រុកលើកដែក ខេត្តកណ្ដាល។

ជនសង្ស័យមាន ឈ្មោះ ខេង ផល្លី ភេទប្រុសអាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបឹងក្រោម ឃុំខ្ពបអាទាវស្រុកលើកដែក ខេត្តកណ្តាល ។ចំណែកជនរងគ្រោះ (ABC) ហៅក្រៅ (ABC) ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិក្អមសំណលើ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ។

យោងតាមអធិដ្ឋាននគរបាលស្រុកលើកដែក បានអោយដឹងថា ប្រហែលជាកន្លះខែមុន ជនរងគ្រោះ បានឆាតទាក់ទងគ្នា (ហ្វេសប៊ុក) ជាមួយជនសង្ស័យ ។ លុះមកដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ វេលាម៉ោងចន្លោះ ១៨ និង០០នាទី ជនសង្ស័យ បានឆាតមកជនរងគ្រោះ ដោយបបួលថា ទៅលេងអ្នកលឿង ពេលនោះជនរងគ្រោះ ក៏ព្រមឲ្យជនសង្ស័យមកយក នៅផ្ទះរបស់ខ្លួន ដល់ម៉ោងប្រហែល ១៨ និង ៣០ នាទី ជនសង្ស័យក៏មកដល់ ហើយជនរងគ្រោះ ក៏ឡើងជិះម៉ូតូ ជាមួយជនសង្ស័យ ឡើងទៅលើ ពេលទៅដល់មណ្ឌលវិបស្សនាធុរៈទួលសាលាវគ្គ ស្ថិតក្នុងភូមិកណ្ដាល ឃុំសណ្ដារ ស្រុកលើកដែក ខេត្តកណ្ដាល ជនសង្ស័យបានឌុបជនរងគ្រោះ ចូលទៅក្នុងមណ្ឌលវិបស្សនាធុរៈ ទួលសាលាវគ្គ រួចធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈ ទៅលើជនរងគ្រោះ រហូតបានសម្រេច ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបាន ទុកជនរងគ្រោះចោល រួចបានឡើងជិះម៉ូតូ របស់ខ្លួនគេចខ្លួនបាត់ ។

លុះមកដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២១ ម្ដាយរបស់ជនរងគ្រោះ បានជជីកដេញដោល ជនរងគ្រោះ ហើយជនរងគ្រោះ ខ្លាចមានផ្ទៃពោះ ក៏រៀបរាប់រឿងរ៉ាវ ដែលជនសង្ស័យ បានចាប់រំលោភ ទៅលើខ្លួនប្រាប់ទៅម្ដាយ ។ ក្រោយពីទទួលបាន នូវរឿងរ៉ាវដែលកូនបានប្រាប់ ខាងលើ ម្ដាយជនរងគ្រោះ បាននាំជនរងគ្រោះ មកកាន់ប៉ុស្តិ៍រដ្ឋបាល ក្អមសំណរ ដើម្បីធ្វើការសាកសួរ ។ លុះព្រឹកឡើងថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ម្ដាយជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍រដ្ឋបាលក្អសំណរតែម្ដង ។

ក្រោយពីទទួលបានបណ្ដឹង ប៉ុស្តិ៍រដ្ឋបាលបានរាយការណ៍ ជូនផ្នែកជំនាញ ហើយផ្នែកជំនាញក៏បានចុះ មកធ្វើការសាកសួរ និងបន្តការស្រាវជ្រាវ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទី កម្លាំងនគរបាលស្រុកលេីកដែក បានប្រទះឃើញជនសង្ស័យ ជិះម៉ូតូនៅឃុំខ្ពបអាទាវ ភ្លាមនោះកម្លាំងយើង បានឃាត់ជនសង្ស័យ បញ្ជូនមកកាន់អធិការដ្ឋាន ដើម្បីបន្តនិតិវិធី៕