កាច់សោរលួចម៉ូតូ មិនបានសម្រេច មកស្រេចនៅប៉ុស្តិ៍ប៉ូលិស

0

ភ្នំពេញ ៖ កម្លាំងនគរបាល នៃប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នារទទឹង បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច (កាច់សោរលួចម៉ូតូ) ករណីនេះកើតឡើងនៅចំណុចផ្ទះរបស់ឈ្មោះ ចាយ ចាន់ ស្ថិតក្នុងភូមិដើមរកា ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៤និង៥០នាទី ថ្ងៃទី០៥ ខែមករាឆ្នាំ២០២១ ។

លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានប្រាប់អោយដឹងថា ៖ ក្រោយទទួលព័ត៌មាន ពីប្រជាពលរដ្ឋរាយការណ៍ថាមាន ករណីចោរលួចកាច់សោរ យកម៉ូតូនៅចំណុចផ្ទះឈ្មោះ ចាយ ចាន់ ដោយពេលជនសង្ស័យ បានកាច់សោរម៉ូតូ រួចបញ្ឆេះម៉ាស៊ីនម៉ូតូបានបន្តិច ម៉ូតូក៏រលត់ម្ចាស់ឃើញទាន់ ចាប់កន្ទុយម៉ូតូ ជនសង្ស័យបានផ្តួលម៉ូតូ រត់គេចមកទិសខាងត្បូង ។ ភ្លាមៗនោះកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលខ្នារទទឹង បានចេញ ប្រតិបត្តិការស្ទាក់ចាប់ ជនសង្ស័យ ហើយបានឃាត់ខ្លួនជនសង្ស័យ នៅវេលាម៉ោង១៥និង២៣នាទី នៅចំណុចភូមិក្រូចសើច ឃុំខ្នារទទឹង ។

លោកអធិការបានបន្តថា ៖ ម៉ូតូដែលជនសង្ស័យលួច ម៉ាកហុងដាទ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខពោធិ៍សាត់ 1I 9487 ។ ចំពោះម៉ូតូសមត្ថកិច្ចបានប្រគល់ជូនម្ចាស់ ឈ្មោះ ចាយ ចាន់ ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិដើមរការ ឃុំខ្នារទទឹង ។ ចំពោះជនសង្ស័យ សមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ព្រាប ពៅ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង និងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីចាត់ការតាមនីតិវិធី ៕