ភ្នំពេញ ៖ នគរបាលការិយាល័យកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យចំនួន០២នាក់ ម្នាក់ជាកម្មករផ្សារ និងម្នាក់ជាជាងដែកនិង កាម៉ារ៉ាសុវត្ថិភាព ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៥ខែមករា ឆ្នាំ២០២១ ពាក់ព័ន្ធករណីលួចគាស់ តូបអាជីវករយកលុយ ។
លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់ មានឈ្មោះ មុំ ស៊ីង ហៅ រស្មី ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិថ្នល់ដាច់ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាកម្មករផ្សារហ៊ុយឡេង និងម្នាក់ទៀតឈ្មោះ ជិន ដារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិស្រះឈូកខាងលិច ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាជាងដែក និងជាជាងកាម៉ារ៉ាសុវត្ថិភាព ។
លោកអធិការនគរបាលស្រុក ភ្នំស្រុក បានបញ្ជាក់ថា ជនសង្ស័យទាំង០២នាក់នេះ រួមទាំងបក្ខពួកគេចំនួន០៣នាក់ទៀត នៅវេលាម៉ោង១១យប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ បានធ្វើសកម្មភាព លួចគាស់ទូរលក់មាស ប្តូរលុយ ក្នុងផ្សារហ៊ុយឡេង ស្ថិតក្នុងភូមិស្រះឈូកខាងលិច ឃុំស្រះជីក ស្រុកភ្នំស្រុក របស់ម្ចាស់ឈ្មោះ លី ស្រីមុំ ភេទស្រី អាយុ ៤៨ឆ្នាំ នៅភុមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក យកអស់លុយចំនួន១,៥០០,០០០រៀល(១លាន៥សែនរៀល) ។
ក្រោយពីមានករណីលួច និងមានបណ្តឹងពីជនរងគ្រោះ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក នាំខ្លួនជនទាំង០២នាក់ឈ្មោះមុំ ស៊ីងហៅរស្មីនិងឈ្មោះជិន ដារ៉ា មកធ្វើការសាកសួរ និង ចាប់ឃាត់ខ្លួន តាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរ បាលខេត្ត បន្ទាយមានជ័យ និង មានការសម្រសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯកយ៉ត សុផល បានបញ្ជាក់ទៀតថា៖ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០២នាក់បានសារភាពថា ពួកគេនិងបក្ខពួកគេចំនួន០៣នាក់ទៀតពិតជាបានធ្វើសកម្មភាពលួចគាស់ទូលក់មាសប្តូរលុយ របស់ឈ្មោះលី ស្រីមុំ ពិតប្រាកដមែន យកបានលុយចំនួន១,៥០០,០០០ រៀល ហើយ ចែកគ្នាគេទាំង០២នាក់ បានទទួលលុយ៣០ម៉ឺនរៀល ។
លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល បានបន្តឲ្យដឹងថា៖ ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ។ ចំណែកវត្ថុតាងលុយ ចំនួន៣០ម៉ឺនរៀល ប្រគល់ជូនម្ចាស់ដើមវិញ ៕