ភ្នំពេញ៖ អាជ្ញាធរខណ្ឌឫស្សីកែវ បានធ្វើលិខិតអញ្ជើញគ្រូហុងស៊ុយ ឡុង ណាលី អគ្គនាយិការស្ថាប័នម៉ាស្ទ័រ ណាលី ហុងស៊ុយ ឲ្យទៅជួបរដ្ឋបាលខណ្ឌ នៅថ្ងៃទី៨ មករា ដើម្បីធ្វើការណែនាំ ស្របពេលឮព័ត៌មានថា នៅថ្ងៃ១៦ មករាខាងមុខនេះ នឹងមានការជួបជុំចែកស្ទីឃ័រកាត់ឆុងនេះម្តងទៀត ។
ការចេញលិខិតកោះហៅនេះ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ គ្រូហុងស៊ុយ ឡុង ណាលី អគ្គនាយិការស្ថាប័នម៉ាស្ទ័រ ណាលី ហុងស៊ុយ បានផ្សព្វផ្សាយស្ទីឃ័រកាត់ឆុង បង្កឲ្យអ្នកមានជំនឿរត់មកតម្រង់ជួរ និងជួបជុំគ្នាដោយមិនខ្លាចជំងឺកូវីដ-១៩ ។
ក្នុងនោះគ្រូហុងស៊ុយ ឡុង ណាលី បានប្រកាសថា មានឆ្នាំចំនួន៤ ដែលឆុងជាមួយអ្នកជាប់សែស្រឡាយចិន វៀតណាម ខណៈថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម ជិតមកដល់ ក្រុមហ៊ុននឹងចែកស្ទីឃ័រកាត់ឆុងដោយឥតគិតថ្លៃ ធ្វើឲ្យអ្នកមានជំនឿជាច្រើនពាន់នាក់ ផ្អើលនាំគ្នាសម្រុកទៅតម្រង់ជួរ ប្រជ្រៀតគ្នា ៤ទៅ៥ជួរ ដើម្បីយកស្ទីឃ័រកាត់ឆុង រហូតដល់យប់ជ្រៅដោយមិនគិតពីហានីភ័យ នៃការឆ្លងកូវីដ១៩ ។
ទន្ទឹមគ្នានេះអភិបាលខណ្ឌឫស្សីកែវ ក៏បានចាត់ឲ្យក្រុមការងារ ចុះណែនាំពីបញ្ហាកូវីដ-១៩ ដល់ក្រុមហ៊ុនផងដែរ ដោយមិនត្រូវឲ្យមានការជួបជុំច្រើន និងត្រូវអនុវត្តរក្សាគម្លាតសុវត្ថិភាព និងមានទឹកអាកុលលាងដៃជានិច្ច ៕