ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ កំពុងតែជិះម៉ូតូតាមផ្លូវសុខៗ ស្រប់តែត្រូវរថយន្តបែនដឹកខ្សាច់ បើកយ៉ាងលឿនជ្រុល បុកពីក្រោយអូសប្រហែលជាង ១០ម៉ែត្រ ទើបអ្នកបើកបញ្ឈប់រថយន្ត ធ្វើឲ្យជនរងគ្រោះដាច់ជើងម្ខាងរងរបួសធ្ងន់ធ្ងរ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នៅត្រង់ចំណុចស្ពានដែកចំការដូង តាមបណ្ដោយផ្លូវលេខ២១៧ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បុរសរងគ្រោះនៅមិនទាន់ស្គាល់ អត្តសញ្ញាណនោះទេ ដោយត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកដង្កោ ដឹកយកទៅសង្គ្រោះភ្លាមៗ ។ រីឯអ្នកបើកបររថយន្តបង្កហេតុមានឈ្មោះ ឃុន ទីឡុង អាយុ២៣ឆ្នាំ មុខរបរជាអ្នកស៊ីឈ្នួលបើកបររថយន្ត ស្នាក់នៅសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីចាស់ ពាក់ស្លាកលេខ ព-9441 ភព1 តាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីត្បូងទៅជើងហើយ ឆ្លងភ្លើងស្តុបស្ពានដែកចំការដូង ស្របពេលនោះក៏មានបុរសម្នាក់ បើកបររថយន្តបែនដឹកខ្សាច់ បើកតាមបណ្ដោយផ្លូវលេខ៣៧១ បត់ឆ្វេងឡើងមកផ្លូវលេខ២១៧ ក្នុងល្បឿនលឿនពេលមកដល់ចំណុច កើតហេតុក៏ជ្រុលទៅបុកម៉ូតូរបស់ជនរងគ្រោះ និងកិនអូសប្រហែលជា ១០ម៉ែត្របណ្ដាលឲ្យអ្នកបើកបរម៉ូតូ រងរបួសដាច់ជើងខាងស្ដាំ ភ្លាមនោះអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ នៃការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការដ្ឋានរាជធានីភ្នំពេញ ដែលឈរជើងនៅស្ពានដែកចំការដូងឃាត់ខ្លួនភ្លាមៗ ។ ចំណែកជនរងគ្រោះត្រូវបានរថយន្ត របស់មន្ទីរពេទ្យបង្អែកខណ្ឌដង្កោ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះមកដល់ទីតាំងកើតហេតុ ធ្វើការវាស់វែងយកម៉ូតូ និងរថយន្តបង្កហេតុ រួមទាំងអ្នកបើកបរប្រគល់ឲ្យសមត្ថកិច្ចជំនាញ នៃការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕