ស្រវឹងស្រាធ្លាក់ភ្នែក ជនជាតិចិនបើកឡានឡិចស៊ីស RX350 សាកកម្លាំងជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវ

0

ភ្នំពេញ៖ សង្ស័យស្រវឹងស្រាធ្លាក់ភ្នែក បុរសជនជាតិចិនម្នាក់បើករថយន្ត ស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿនក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តខូចខ្ទេចមួយកំណាត់មុខ តែសំណាងល្អគ្មានអ្នករបួស ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ១១៖៣០នាទីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ តាមបណ្តោយផ្លូវលេខ២១៧ ក្បែរសាលាដំបូងរាជធានីភ្នំពេញស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧ មករា រាជធានីភ្នំពេញ។

បើតាមអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX350 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2M-8159 បើកបរដោយបុរស ជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រា បើកបរក្នុងល្បឿនយ៉ាងលឿនពីជើងទៅត្បួង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូង បណ្តាលឱ្យរថយន្តខូចខាត មួយកំណាត់មុខស្ទើរតែទាំងស្រុង ចំណែកក្បាលនាគពុះចែកទ្រូងផ្លូវ ខ្ទាតចេញពីជួរអស់មួយកង់ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ហើយបានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕