កំពុងបើកទូក ដឹកអង្ករទៅឲ្យគេសុខៗ ស្រាប់តែភ្លើងឆាបឆេះ យ៉ាងសន្ធោរសន្ធៅតែម្ដង

0

ភ្នំពេញ៖ កាលពីវេលាម៉ោង ១៖៣០នាទីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ មានករណីឆេះទូកមួយគ្រឿង យ៉ាងសន្ធោរសន្ធៅ ស្ថិតនៅចំនុចប្រហែល ៣០០ម៉ែត្រពីផែយាយត្រីជី ក្នុងភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង​ ខេត្តព្រះសីហនុ ។

នគរបាលបានឲ្យដឹងថា​ ទូកកន្ទុយវែងចំនួន​ ១គ្រឿងដែលឆេះនេះមានប្រវែងទទឹង ៣ម៉ែត្រ​ បណ្តោយ១៨ម៉ែត្រ​ ម៉ាស៊ីន១៥០សេស​ ពណ៌លឿង​ ​ម្ចាស់ឈ្មោះ គង់​ ធី​ ភេទប្រុស​ អាយុ៣៩ឆ្នាំ​ ទីលំនៅបច្ចុប្ប​ន្នភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង​ ខេត្តព្រះសីហនុ​។

បើតាមសម្ដីតៃកុងទូក​ឈ្មោះ​ ហេន​ ម៉េងហុង​ ភេទប្រុស​ និងកូនដៃទូក​ ឈ្មោះ​ ហេន​ ម៉េងហៃ​ ភេទប្រុស​ ​បានអោយដឹងថា​ ពួកគាត់ទាំង ២នាក់ បានដឹកអង្ករយកទៅអោយទូកអូស ដែលចតរង់ចាំនៅមុខច្រកចូលឆ្នេរកោះរ៉ុងសន្លឹម (សារ៉ាសិនបេ)​ លុះដល់កន្លែងកើតហេតុ​ ក៏មានភ្លើងឆេះចេញពីឃ្លុបម៉ាស៊ីន​ ទើបណ្តាលអោយឆាបឆេះសាំងលើទូកចំនួន ២កាន​ និងប្រេងម៉ាស៊ូតចំនួន ៣កាន​ និងកំប៉ុងហ្គាសប្រហែលចំនួន ១០កំប៉ុង​ ហើយក៏បានឆេះបណ្ដាលឲលិចតែម្តងទៅ​ ។

បើតាមសមត្ថកិច្ចបានអោយដឹងថា​ ការខូចខាតទូកទំហំ ៣ម៉ែត្រ x ១៨ម៉ែត្រ និងសាំងលើទូកចំនួន ២កាន​ និងម៉ាស៊ូតចំនួន ៣កាន​ និងកំប៉ុងហ្គាសប្រហែលចំនួន ១០កំប៉ុង ទាំងស្រុង​ ចំណែកឯមនុស្សមិនបង្កគ្រោះថ្នាក់ដល់ជីវិតនោះទេ​ គ្រាន់តែរងរបួសស្រាលៗប៉ុណ្ណោះ​ ៕