ភ្នំពេញ៖ ជនសង្ស័យជាឃាតក ចាក់សម្លាប់នារីវ័យក្មេងម្នាក់ ស្លាប់ក្នុងថ្លុកឈាម ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ បន្ទាប់ជនសង្ស័យ ប្រើល្បិចមកមើលសាកសព ដែលសមត្ថកិច្ចកំពុងពិនិត្យ និងធ្វើកោសល្យវិច័យ។
ជនសង្ស័យមានឈ្មោះ ទូច សជាតិ ហៅអាដំរី អាយុ៣៥ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកកាំបិតចាក់នារីរងគ្រោះឈ្មោះ ផេង បញ្ញា អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិ-សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល នោះពិតប្រាកដមែន ដោយសារតែខ្លួនភ័យខ្លាចជាប់គុក បន្ទាប់ពីនារីរងគ្រោះបានប្រាប់ខ្លួនថា និងប្រាប់រឿងដែលបានចាប់រំលោភ អស់រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនោះ ឲ្យឪពុកម្ដាយបានដឹង ។
ជនសង្ស័យបន្តថា ដើម្បីកុំអោយបែកការណ៍រឿងចាប់រំលោ.ភ ខ្លួនក៏បានយកកាំបិត ចាក់ជាច្រើនកន្លែង ទៅលើជនរងគ្រោះនៅវេលាម៉ោង ៧៖៣០នាទីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បណ្ដាលឲ្យស្លាប់ ក្រោយពេលក្រុមគ្រួសារជនរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យជ័យជំនះ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើកំណត់ហេតុ តាមការស្ដាប់តាមចម្លើយរបស់ជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ មានករណីចាក់សម្លាប់នារីវ័យក្មេងអាយុ ១៦ឆ្នាំម្នាក់ ស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ស្ថិតនៅភូមិ-សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ភ្លាមៗក្រុមគ្រួសារបានដឹក ជនរងគ្រោះទៅកាន់មន្ទីរពេទ្យជ័យជំនះ ប៉ុន្តែជាអកុសលមុខរបួសមានករណីធ្ងន់ធ្ងរ ក៏បណ្ដាលស្លាប់តែម្ដង ។
ក្រោយកើតហេតុប្រមាណជាង ១ម៉ោង សមត្ថកិច្ចក៏បានក្តាប់មុខសញ្ញា បន្ទាប់ពីទទួលដំណឹងខ្លះៗពីសាក្សី ដែលត្រូវជាប្អូនថ្លៃសពជនរងគ្រោះ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួន ជនសង្ស័យជាឃាតក ខាងលើយកមកធ្វើការសាកសួរតាមនីតិវិធី ៕