ស្ដាយផ្កាយលើស្មារ! គ្រាន់តែរឿងស្បែកជើង មួយគូរសោះ លោកផ្កាយ១ ហ៊ានទាញកាំភ្លើងវាយសន្ដិសុខ រយះក្បាលហូរឈាមស្រោចខ្លួន

0

ភ្នំពេញ៖ មន្ដ្រីយោធាពាក់ផ្កាយមួយ និងជាម្ចាស់មន្ទីរសម្រាកព្យបាល និងសម្ភព សុខ ម៉េង នៅស្រុកអង្គស្នូល ខេត្តកណ្ដាល ដែលដកកាំភ្លើងវាយក្បាលសន្ដិសុខ បណ្ដាលឲ្យដួលសន្លប់ ត្រូវបានសមត្ថកិច្ចបង្ហាញហើយ មានឈ្មោះ ហេង គាហុង ជាមន្រ្តីយោធានៅអយ្យការអមតុលាការយោធាចំណុះក្រសួងការពារជាតិ។ ជនដៃដល់ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួល ចាប់ខ្លួនភ្លាមៗក្រោយបង្កអំពើហិង្សានេះ ដែលនាំឲ្យមហាជនថ្កោលទោស និងអំពាវនាវឲ្យសមត្ថកិច្ច និងតុលាការចាត់វិធានការតាមច្បាប់។

យោងតាមរបាយការណ៍ របស់អធិការដ្ឋាន នគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា នៅវេលម៉ោង ១២៖៣០នាទី រសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមានជនរងគ្រោះឈ្មោះ ច្រឹក ស៊ីណា អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ដោយឡែកជនសង្ស័យឈ្មោះ ហេង គាហុង អាយុ៤១ឆ្នាំ ក្រៅពីម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង ក៏មានតួនាទីជាយោធានៅស្ថាប័នអយ្យការអមតុលាការយោធាផងដែរ។

ប្រភពដដែលបន្តថា  នៅមុនពេលកើតហេតុថ្ងៃទី២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៦ល្ងាច ជនរងគ្រោះបានទៅយាមជំនួសគេមួយយប់នៅគ្លីនិច សុខ ម៉េង។ នៅពេលយាមម៉ោងប្រហែល៥ទាបភ្លឺ ក៏មានមនុស្សប្រុសម្នាក់មកសួរ ជនរងគ្រោះថា ពូសន្តិសុខយាមនៅនឹងរាល់ថ្ងៃទៅណាហើយ ជនរងគ្រោះឆ្លើយថាគាត់សម្រាកមួយថ្ងៃហើយ ដោយខ្ញុំយាមជំនួសវិញ ពេលនោះមនុស្សប្រុសម្នាក់នោះបានខ្ចីលុយពីជនរងគ្រោះចំនួន ៣០០០រៀល ជនរងគ្រោះ ក៏ឲ្យលុយខ្ចីចំនួន ៣០០០រៀល ហើយមនុស្សប្រុសនោះក៏ដើរចេញទៅវិញដោយឃើញមានពាក់ស្បែកជើងចេញទៅដែរ។ លុះដល់ម៉ោង០៦ព្រឹក ទើបជនរងគ្រោះចេញទៅផ្ទះវិញទៅ។

ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៨ព្រឹក ជនសង្ស័យបានបាត់ស្បែកជើងស៊កស្បែកចំនួនមួយគូ ដែលដោះទុកនៅមាត់ទ្វារចូលគ្លីនិចរបស់ខ្លួនធ្វើការ ដោយជនសង្ស័យគិតថា បងប្អូនអ្នកជម្ងឺយកពាក់សិនទើបមិនរក។ រហូតដល់ម៉ោង ៨យប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ មិនឃើញស្បែកជើងទៀត ក៏បានឆែកកាមេរ៉ាសុវត្ថិភាពមើល ឃើញបុរសម្នាក់បានឈរនិយាយជាមួយជនរងគ្រោះ និងហុចលុយឲ្យជនរងគ្រោះ ហើយបុរសនោះបានពាក់យក ស្បែកជើងរបស់ជនសង្ស័យដើរចេញទៅ។

បន្ទាប់ពីឆែកកាមេរ៉ាសុវត្ថិភាពហើយ ជនសង្ស័យបានទាក់ទងទៅខាងក្រុមហ៊ុនសន្តិសុខ ដើម្បីហៅជនរងគ្រោះមកជជែកគ្នាឲ្យដឹងសាច់រឿង។ រហូតដល់ថ្ងៃទី៤ ខែឆ្នាំដដែល វេលាម៉ោង ១០ព្រឹកជនសង្ស័យបានណាត់ ជាមួយក្រុមហ៊ុនសន្តិសុខឲ្យនាំជនរងគ្រោះមកជជែកគ្នានៅក្នុងគ្លីនិច តែមិនឃើញមកសោះ ទើបជនសង្ស័យខឹងក៏ជិះឡានទៅផ្ទះនៅម្ដុំផ្សារជម្ពូវ័ន រាជធានីភ្នំពេញវិញទៅ។

រហូតដល់ម៉ោង ១២រសៀលទើបក្រុមហ៊ុនសន្តិសុខទៅដល់គ្លីនិច មិនឃើញជនសង្ស័យ ក៏តេទូរស័ព្ទហៅជនសង្ស័យមកជជែកគ្នាវិញ។ លុះដល់ម៉ោងកើតហេតុ ជនសង្ស័យទៅដល់គ្លីនិចវិញ ក៏ឃើញជនរងគ្រោះឈរនៅមុខ ហើយក៏យកកាំភ្លើងខ្លីពីចង្កេះខោមក វាយទៅលើជនរងគ្រោះចំក្បាលផ្នែកខាងឆ្វេង បណ្តាលឱ្យដួល ហើយជនសង្ស័យក៏ដើរចូលក្នុងគ្លីនិចបាត់ទៅ។

ជនរងគ្រោះ ត្រូវបានបុគ្គលិកពេទ្យ យកទៅលាងរបួស នឹងដេរចំនួនបីថ្នេរ ហើយជនរងគ្រោះបានទូរស័ព្ទ រាយការណ៍ឲ្យសមត្ថកិច្ច ទើបសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងតែម្ដង។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានយកកាំភ្លើងទៅវាយជនរងគ្រោះពិតមែន ដោយសារខឹងជួលឲ្យមកយាមបែរជាត្រូវគ្នាជាមួយចោរទៅវិញ។ វត្ថុតាងដែលសមត្ថកិច្ចចាប់យក អាវុធខ្លីមួយដើមម៉ាកCF98 លេខ006009 មានបង់ចំនួនមួយ និងគ្រាប់ចំនួនមួយ។

បើតាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត រហូតមកដល់ពេលនេះ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នូល កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាល ផ្ដន្ទាទោសតាមផ្លូវច្បាប់ ជាធរមាន៕