ស្រវឹងធ្លាក់ភ្នែកជូនមិត្តភក្តិទៅផ្ទះ ចៃដន្យជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្ដខូចខាតយ៉ាងដំណំ (Video)

0

ភ្នំពេញ៖ ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តជូនមិត្តភក្តិ ៤ទៅ៥នាក់ ចេញពីផឹកស៊ីនៅក្រុងតាខ្មៅ មកចាក់អង្រែក្រោមវិញ ចៃដន្យក៏ជ្រុលចង្កូតទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាត រួចព្យាយាមបើកគេចខ្លួន ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីម៉ោង ៩៖៣០នាទីយប់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

បើតាមសម្ដីតៃកុងរថយន្តបង្កម៉ាក TriTon ពណ៌ខ្មៅ ពាក់ស្លាកលេខចង្កូតស្ដាំ PP-9889 បានរៀបរាប់ទាំងស្រវឹងថា មុនពេលកើតហេតុ រូបគាត់និងមិត្តភក្តិ ៤ទៅ៥នាក់បានចេញពី ផឹកស៊ីនៅក្រុងតាខ្មៅ ហើយរូបគាត់ក៏ជូនមិត្តភក្តិមកផ្ទះវិញ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ខណៈមិនទាន់ដល់គោលដៅផង ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់មួយកង់ ឯរថយន្តក៏បែកកង់មុខផងដែរ តែមិនបណ្ដាលឲ្យមនុស្សរងរបួសនោះឡើយ ។

ដោយឡែកបើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយពីបង្កហេតុរួច តៃកុងរថយន្តបង្កបានព្យាយាម បើករត់ចេញពីកន្លែងកើតហេតុប្រហែល ៥០០ម៉ែត្រ ទាំងបែកកង់មុខនិងកង់ក្រោយ ធ្វើឲ្យផ្អើលដល់អ្នកដំណើររាយការណ៍ ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឲ្យមកឃាត់រថយន្តបង្កតែម្ដង ។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទាក់ទងទៅជំនាញចរាចរណ៍ ឲ្យមកធ្វើការវាស់វែងយករថយន្តបង្កខាងលើទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ។ ចំណែកតៃកុងរថយន្តបង្ក សមត្ថកិច្ចមិនឃាត់ខ្លួនទេ ដោយសារតែមិនបង្កឲ្យមនុស្សរងរបួស ៕