ភ្នំពេញ៖ បុរសម្នាក់តាំងខ្លួនជាមេសន្ដិសុខក្រុម ហ៊ុន អិនអ ស៊ីឃ្យូរឹធី បានឡើងមកតវ៉ាជាមួយថៅកែ Pub idol house ជំនួសកូនចៅរបស់ខ្លួន ដែលថៅកែមិនព្រមបើកលុយឲ្យ ។ ហេតុការណ៍នេះបានបង្កភ្ញាក់ផ្អើល កាលពីម៉ោង ៩៖១០នាទីយប់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ៣៦០ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
បើតាមសម្ដីបុរសម្នាក់ដែល តាំងខ្លួនជាមេសន្ដិសុខ បានឲ្យដឹងថា បុគ្គលិករបស់លោកបានមកយាម Pub idol house នៃខែចុងក្រោយរយៈពេលជាង ១០ថ្ងៃ ហើយក៏ឈប់ ដោយខាងថៅកែ Pub idol house ត្រូវបង់ថ្លៃឈ្នួលចំនួន ១៧០ដុល្លារ រួចសន្យាថាប្រគល់លុយឲ្យនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ តែខាងថៅកែ Pub ខាងលើចេះតែពន្យារពេល រហូតមកដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ ក៏កើតមានជម្លោះតែម្ដង ។
ចំពោះភាគីថៅកែ Pub idol house វិញក៏បានឲ្យដឹងដែរថា រូបគាត់មិនបានព្យាយាមពន្យារពេលនោះទេ ព្រោះតែដ ល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នោះ គឺពុំឃើញមានភាគីខាងសន្ដិសុខខាងលើមកយក រួចក៏ឲ្យរង់ចាំដល់ថ្ងៃទី៥ ដើមខែ ហើយរូបគាត់ជាភាគី Pub idol house នឹងបើកឲ្យព្រមគ្នាជាមួយបុគ្គលិកដូចគ្នាទាំងអស់ តែខាងមេសន្ដិសុខខាងលើ មិនព្រមក៏មករករឿងគាត់នៅថ្ងៃទី៣ ខែមករានេះតែម្ដង ។
ក្នុងជម្លោះនេះ ក៏មានសមត្ថកិច្ចមូលដ្ឋាន ចុះមកសម្របសម្រួលដែរ ដោយឲ្យភាគីទាំងសងខាងទៅដោះស្រាយគ្នា នៅសាលាសង្កាត់ តែចុងក្រោយភាគីខាងថៅកែ Pub idol house ក៏មិនបើកលុយឲ្យ រីឯមេសន្ដិសុខខាងលើក៏វិលត្រឡប់ទៅវិញ ទាំងមិនទទួលបានប្រាក់ខែឲ្យកូនចៅ ៕