ពលករខ្មែរម្នាក់មកពីថៃ រត់គេចទៅពួនសំងំនៅផ្ទះ ចុងក្រោយត្រូវអាជ្ញាធរនាំទាំងគ្រួសារ និងអ្នកជិតខាងទៅធ្វើចត្តាឡីស័ក (Video)

0

ភ្នំពេញ៖ ពលករខ្មែរម្នាក់វិលត្រលប់ មកពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង រត់គេចទៅពួនសំងំក្នុងផ្ទះ នៅខេត្ដឧត្ដរមានជ័យ មិនព្រមធ្វើចត្តាឡីស័ក ចុងក្រោយត្រូវអាជ្ញាធរពាក់ព័ន្ធ សហការជាមួយ ក្រុមគ្រូពេទ្យ នាំខ្លួនទៅធ្វើចត្តាឡីស័ក រួមទាំងគ្រួសារ និងអ្នកពាក់ព័ន្ធ ៨នាក់ទៀត ។

កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ ដោយទទួលបានព័ត៌មានពី លោកចៅសង្កាត់កូនក្រៀលភ្លាមថា មានពលករមកពីក្រៅប្រទេសមិនបានអនុវត្ត វិធានសុខាភិបាល លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាទៅកំលាំងអធិការដ្ឋាន នគរបាលក្រុងសំរោង ដែលមាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកូនគ្រៀល បានចូលរួមសហការជាមួយ ក្រុមគ្រូពេទ្យមណ្ឌលសុខភាពសង្កាត់កូនគ្រៀល ចុះធ្វើការនាំខ្លួនពលករម្នាក់ មានឈ្មោះ ចាំ សួង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិគោកភ្លុក សង្កាត់កូនគ្រៀល ក្រុងសំរោង ដែលបានវិលត្រលប់មកពីខេត្តឈុនបុរី ប្រទេសថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ហើយមិនបាននៅធ្វើចត្តាឡីស័ក្តិ និងបានមកផ្ទះរបស់ខ្លួន នៅភូមិគោកភ្លុក សង្កាត់កូនក្រៀល ក្រុងសំរោង តែម្តង ។

តាមប្រភពដដែលបញ្ជាក់ថា បច្ចុប្បន្ន ពលករចំណាកស្រុក និងក្រុមគ្រួសារពាក់ព័ន្ធផ្សេងទៀត សរុបចំនួន ៨នាក់ ត្រូវបានក្រុមការងារ និង គ្រូពេទ្យជំនាញ នាំយកទៅដាក់នៅមណ្ឌលធ្វើចត្តាឡីស័ក នៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យដើម្បីយកសំណាកទៅពិនិត្យ ។

ជាមួយគ្នានោះអាជ្ញាធរខេត្ត និងមន្ទីរសុខាភិបាលខេត្ដ បានអំពាវនាវ ដល់ពលករទាំងអស់ដែលវិលត្រឡប់មកពីក្រៅប្រទេស ត្រូវតែចូលរួមអនុវត្តវិធានការ ក្រសួងសុខាភិបាលអោយបានដាច់ខាត ។ ជាពិសេសសូមអំពាវនាវដល់ បងប្អូនយើងនៅក្នុងភូមិ ឃុំ សង្កាត់ ក្រុងស្រុក ខេត្ត បើបានដឹងរឺមានពត៌មានថា មានបងប្អូនប្រជាពលករយើងមកពីក្រៅប្រទេស មកដល់មូលដ្ឋាន មិនបានឆ្លងកាត់ វិធានសុខាភិបាល (ចក្ដាឡីស័ក រឺ មិនបានពិនិត្យ សំណាក) ឆាប់រាយការណ៍បន្ទាន់មក អាជ្ញាធរ ភូមិ ឃុំ រឺ នគរបាលប៉ុស្តិ៍រដ្ឋបាលអោយបានឆាប់បំផុត ។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣៨២នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៦២នាក់ និងកំពុងសម្រាកព្យាបាលចំនួន ២០នាក់ ។ ដោយឡែកគិតត្រឹមព្រឹកថ្ងៃនេះដែរ ពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃចំនួន ១៧នាក់ ហើយបានរកឃើញវិជ្ជមានកូវីដ១៩ ៕