ថ្ងៃឆ្លងឆ្នាំ កម្ពុជាទទួលបានទេសចរជិត ៧០ម៉ឺននាក់

0

ភ្នំពេញ៖ នាឱកាសចូលឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ មានភ្ញៀវទេសចរសរុបចំនួន ៦៩៩,៧២៤ នាក់ បានចេញដើរលេងកម្សាន្តនៅទូទាំងប្រទេស ក្នុងនោះរាជធានីភ្នំពេញទទួលបានភ្ញៀវច្រើនជាងគេ។ ក្នុងចំណោមភ្ញៀវទេសចរសរុបចំនួន ៦៩៩,៧២៤ នាក់ គឺមានភ្ញៀវជាតិចំនួន ៦៩៧,០៦៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន ២,៦៥៨ នាក់។

យោងតាមហ្វេសប៊ុក ក្រសួងទេសចរណ៍ នៅថ្ងៃទី២ មករានេះ បានឲ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖ រាជធានីភ្នំពេញ៖ ៥០០.១៦៦ នាក់, ខេត្តព្រះសីហនុ៖ ៥១.៥៧០ នាក់, ខេត្តកែប៖ ៥១.១៦៨ នាក់, ខេត្តសៀមរាប៖ ២៥.២០៤ នាក់, ខេត្តកំពត ៖ ១៨.៨៧០ នាក់, ខេត្តកំពង់ស្ពឺ៖ ១១.៧៨៧ នាក់, ខេត្តបាត់ដំបង ៖ ៦.៥៤០ នាក់, ខេត្តកំពង់ចាម៖ ៦.៤៩៨ នាក់, ខេត្តកោះកុង៖ ៣.១១៦ នាក់ ។

ជាការគួរកត់សម្គាល់លើចំណុចសំខាន់ៗ ដូចខាងក្រោម៖

-ខុសពីរាល់ឆ្នាំ ឆ្នាំនេះមិនមានការរៀបចំពិធីទទួលឆ្នាំថ្មី ការប្រគុំតន្រ្តី និងការជួបជុំជាទ្រង់ទ្រាយធំដែលមានការរៀបចំ ជាកម្មវីធីនោះទេ។ ដោយឡែកចំពោះរាជធានីភ្នំពេញ តាមការវាយតំលៃបឋមរបស់អាជ្ញាធរ មានបងប្អូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់ បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ដូចជានៅតំបន់កោះពេជ្រ មាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ និងតំបន់វិមានឈ្នះឈ្នះជាដើម ។

-ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមួយចំនួន បានជ្រើសរើសដើរកម្សាន្តឆ្លងឆ្នាំ នៅតាមគោលដៅទេសចរណ៍តាមរាជធានី ខេត្ត ពិសេសគោលដៅសំខាន់ៗ ដូចបានជម្រាបជូនខាងលើ។ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និងបឹងហ្កាឡូ ត្រូវបានភ្ញៀវកក់ស្ទើរពេញៗ។

-ដោយឡែក បងប្អូនប្រជាពលរដ្ឋមួយចំនួន បានជ្រើសរើសយកការជួបជុំនៅតាមគេហដ្ឋាន (ហូបចុក ច្រៀងកម្សាន្ត ជាលក្ខណៈគ្រួសារ និងមិត្តភក្តិ)។ ខ្លះទៀត បានចេញទៅដើរកម្សាន្ត និងជួបជុំឆ្លងឆ្នាំ នៅតាមភោជនីយដ្ឋាន ពិសេសនៅតាម Sky Bar នានា។

-បន្ទាប់ពីថ្ងៃឆ្លងឆ្នាំនេះហើយ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ នឹងបន្តដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍ នានារហូតដល់ចុងសប្តាហ៍។

-ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើង គួរកត់សម្គាល់ទេនៅយប់ឆ្លងឆ្នាំនេះ។

-គ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បានខិតខំអនុវត្តន៏តាមប្រសាសន័ណែនាំ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី តាមគោលណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ របស់ក្រសួងទេសចរណ៍។ ដោយឡែក កន្លែងដែលមានការប្រមូលផ្តុំច្រើន ដូចជាតាមបណ្តោយទន្លេចតុមុខ និងផ្សាររាត្រី (Pub Street) នៅសៀមរាបជាដើម មានការចុះពិនិត្យ និងណែនាំដិតដល់ពី គណៈបញ្ជាការឯកភាពរាជធានី ខេត្ត ៕