ភ្នំពេញ៖ ក្រុមអន្តរាគមន៍ការិយាល័យ សហការជាមួយសមត្ថកិច្ចគយ និងរដ្ឋាករនៃការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៥ កាលពីម៉ោង ១១ព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខស្នាក់ការគយនិងរដ្ឋាករ ខាងលិចស្ពានទឹកថ្លា ក្រុងសិរីសោភ័ណ បានស្ទាក់ឃាត់ចាប់រថយន្ត ដឹកគ្រឿងក្នុងជ្រូកខូចគុណភាព នាំចូលកម្ពុជាតាមច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែតជិត ៤តោន ។
ក្នុងនោះដកហូតបាន ឆ្អឹងជំនីរ អណ្តាត សាច់ ស្លឹកត្រចៀក បេះដូង ពោះវៀនតូច ពោះវៀនធំ ច្រមុះ ក្រលៀនចំនួន ៦០កេស ស្មើនឹង ៣.៦០០ គីឡូក្រាម (ក្នុង១កេស ស្មើនឹង៦០ គីឡូក្រាម) ។
បន្ទាប់ពីត្រួតពិនិត្យជាក់ស្តែងរួចមកឃើញថា ផលិតផលទាំងនោះបានប្រែប្រួលសភាពដើម មានក្លិនស្អុយ (រលាយទឹកកកអស់) សមត្ថកិច្ចជំនាញក៏បានឯកភាពគ្នា ធ្វើការដុតកម្ទេចចោលតាមវិធានការបសុពេទ្យ នៅចំណុចភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ១២៖៣០នាទីរសៀល នាថ្ងៃខែឆ្នាំដដែល ដោយយោងលើសារាចរលេខ០៧ សរ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការទប់ស្កាត់ការនាំចូលជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើត ពីសត្វជ្រូកគ្រប់ប្រភេទដោយខុសច្បាប់ ចុះថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០១៩ ៕