ភ្នំពេញ៖ ទំនងជាស្រវឹងស្រាខ្លាំង ជនជាតិម្នាក់ បានបើករថយន្តយ៉ាងលឿនជ្រុល ទៅបុករថយន្ត ២គ្រឿងទៀត បណ្ដាលរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានអ្នករងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១០៖៣០នាទីយប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ (ចំណុចជិតស្តុបផ្សារដើមគ) ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ជនជាតិចិនម្នាក់បើករថយន្ត Range Rover មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2M-5279 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុករថយន្ត Highlander ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2BA-7807 បើកដោយបុរសម្នាក់ស្របទិសគ្នា ហើយដែលប្រុងបត់ទៅខាងឆ្វេង ចំពីក្រោយពេញទំហឹងបណ្ដាលឲ្យរថយន្ត Highlander ខ្ទាតទៅបុករថយន្ត Hyundai starex ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AV-2158 ជិះដោយជនជាតិចិនពីរនាក់ប្ដីប្រពន្ធ និងកូនតូចធ្វើដំណើរក្នុងទិសដៅ ពីកើតទៅលិចចំពាក់កណ្តាលទ្វាររថយន្តពេញទំហឹង បណ្ដាលឱ្យរងការខូចខាតរថយន្តទាំងបីគ្រឿង តែសំណាងល្អដែរដែលនៅក្នុង ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ មិនបណ្តាលឲ្យមានអ្នករងរបួស។ ក្រោយកើតហេតុជនជាតិចិន ជាអ្នកបង្កបម្រុងនឹងរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋ ឃាត់បានប្រគល់ឲ្យសមត្ថកិច្ច។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកវាស់វែងយករថយន្តទាំង ៣គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕