ភ្នំពេញ៖ ក្រុមការងារ ប្រតិកម្មរហ័ស នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មានកិត្តិយសសូមជម្រាបជូនសាធារណជន អំពីរបាយការណ៍ លទ្ធផលស្រាវជ្រាវ ករណី បង្ហោះវីដេអូ ចម្រៀង ចំណងជើង «មុខសញ្ញា» គ្រងឯកសណ្ឋាននគរបាលជាតិ ផ្លាកសញ្ញានគរបាល ព្រហ្មទណ្ឌ (CID) ឋានន្ដរស័ក្ដិ វរសេនីយ៍ឯក ក្នុងបណ្ដាញសង្គមហ្វេសបុក (Facebook) និងទីកតុក (Tik Tok)។
នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃើញ បណ្ដាញសង្គម មានការបង្ហោះ និងចែកចាយវីដេអូ និងរូបភាពបទចម្រៀង ចំណងជើង «មុខសញ្ញា» ក្នុងបណ្ដាញសង្គម ហ្វេសបុក និងទីតតុក ដោយមានការគ្រងឯកសណ្ឋាននគរបាលជាតិ មានផ្លាកសញ្ញានគរបាលព្រហ្មទណ្ឌ (CID) ឋានន្ដរស័ក្ដិ វរសេនីយ៍ឯក។
ក្រោយស្រាវជ្រាវ រកឃើញថា តួសម្ដែងក្នុងវីដេអូចម្រៀងនេះ មានសមាសភាពចូលរួម ចំនួន០៥នាក់ នៅអង្គភាពនាយកដ្ឋាននគរបាលបច្ចេកទេស វិទ្យាសាស្ដ្រ និងមន្ដ្រីនគរបាល នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាតារាចម្រៀង និងសម្ដែង រួមមាន៖
ទី១៖ លោកអនុសេនីយ៍ឯក ស៊ិន សុភ័ក្ដ្រ អាយុ២៨ឆ្នាំ ជាមន្ដ្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាអ្នកផ្ដួចផ្ដើមគំនិត ដឹកនាំថត និងសម្ដែងវីដេអូនេះ
ទី២៖ លោកអនុសេនីយ៍ទោ ស៊ិន សុភា អាយុ២៨ឆ្នាំ មន្ដ្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាតួសម្ដែង
ទី៣៖ លោក ហ៉ិន រតនា អាយុ៣៨ឆ្នាំ គ្រូបង្វឹកសុនខ ជាតួសម្ដែង
ទី៤៖ អ្នកនាង គង់ ចាន់រដ្ឋា អាយុ៣២ឆ្នាំ ប្រពន្ធរបស់លោកអនុសេនីយ៍ទោ ស៊ិន សុភា ជាតារាចម្រៀង និងសម្ដែង
ទី៥៖ លោក ជា ដារ៉េត ជាមន្ដ្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ជាតួសម្ដែង។នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ជំនាញការិយាល័យ សួរចម្លើយ និងនីតិវិធី នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំមន្ដ្រីខាងលើយកមកសាកសួរ។
ក្រោយធ្វើការសួរនាំ មន្ដ្រីនគរបាលខាងលើ បានសារភាពថា ៖ ពិតជាបានថតបង្ហោះវីដេអូចម្រៀង (ចំណងជើង ៖ មុខសញ្ញា) គ្រងឯកសណ្ឋាននគរបាលជាតិ មានផ្លាកសញ្ញានគរបាលព្រហ្មទណ្ឌ (CID) ឋានន្ដរស័ក្ដិ វរសេនីយ៍ឯក ក្នុងបណ្ដាញសង្គម Facebook និង Tik Tok ពិតប្រាកដមែន ក្នុងគោលបំណង ចង់បង្ហាញ និងលើកកម្ពស់តម្លៃនគរបាល អំពីបេសកកម្ម និងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងគ្រឿងញៀនតែប៉ុណ្ណោះ ។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមអរគុណចំពោះការសម្ដែងទាំងឡាយណា ដែលមានបំណងលើកកម្ពស់ និងគុណតម្លៃរបស់នគរបាលជាតិ ពិសេសនគរបាលព្រហ្មទណ្ឌ ។ ប៉ុន្ដែនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សំណូមពរ ដល់សិល្បករ សិល្បការនីទាំងអស់ មុនយកឯកសណ្ឋាននគរបាលជាតិ ទៅប្រើប្រាស់ ក្នុងការសម្ដែង សូមជូនដំណឹង និងសុំការអនុញ្ញាត ពីអង្គភាពពាក់ព័ន្ធ ជាមុនសិន ជៀសវាងមានការ យល់ច្រឡំ និងខុសច្បាប់ជាធរមាន៕