ភ្នំពេញ ៖សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា រយៈពេលពេញមួយឆ្នាំ២០២០គ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកនៅទូទាំងប្រទេសកម្ពុជា ចំនួន៣១៧៩លើក សម្លាប់មនុស្ស១៦៤៦នាក់។
យោងតាម គេហទំព័រហ្វេសប៊ុករបស់ សម្ដេច ស ខេង កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ថា«រយៈពេលពេញមួយឆ្នាំ២០២០នេះ ពោលគឺចាប់ពីខែមករា ដល់ខែធ្នូ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស បានថយចុះគួរឱ្យកត់សំគាល់បើប្រៀបធៀប នឹងឆ្នាំ២០១៩»។
សម្ដេច បន្ដថា បេីតាមរបាយការណ៍បង្ហាញថា នៅឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ បានថយចុះ ចំនួន៩៤២លើក ស្មើនឹង២៣ភាគរយ។ ពោលគឺនៅ ឆ្នាំ២០២០មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន៣១៧៩លើក ខណៈកាលពីឆ្នាំ២០១៩មានគ្រោះថ្នាក់ ចរាចរណ៍កើតឡើងសរុបចំនួន៤១២១លើក។
សម្ដេច បន្ថែមថា ការថយចុះជាង២០ភាគរយនៃចំនួនគ្រោះថ្នាក់ចរាចរណ៍ ឆ្នាំ២០២០ បានធ្វើឱ្យចំនួនអ្នក ស្លាប់ថយចុះ៣៣៥នាក់ស្មើ១៧ភាគរយ។ កាលពី ឆ្នាំ២០១៩គ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់ យកអាយុជីវិត អ្នកដំណើរ១៩៨១នាក់ ប៉ុន្តែឆ្នាំ២០២០ ចំនួនអ្នកស្លាប់បាន ថយមកនៅត្រឹមតែ១៦៤៦នាក់ ប៉ុណ្ណោះ។
ចំណែកអត្រា អ្នករងរបួសដោយ គ្រោះថ្នាក់ចរាចរណ៍ក៏មានការថមថយ ដូចគ្នាដែរ គឺថយចុះចំនួន១៤៥៥នាក់ ស្មើ២៤ភាគរយ ដ្បិតនៅឆ្នាំ២០២០មាន អ្នករងរបួសស៤៦៨៦នាក់ នៅគ្រាដូចគ្នា កាលពីឆ្នាំ២០១៩មាន អ្នករបួសចំនួន៦១៤១នាក់។
ផ្អែកលើនលទ្ធផលនេះ ក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក សម្ដេច ស ខេង សម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។
ជាងនេះទៅទៀ ត សម្ដេច ក៏បានអំពាវនាវ នគរបាលចរាចរណ៍ ទូទាំងប្រទេស សូមបន្តប្រកាន់ខ្ជាប់នូវការអនុវត្តតួនាទីភារកិច្ចដើម្បីការពារអាយុជីវិត ប្រជាពលរដ្ឋ និងសូមបងប្អូនជនរួមជាតិ ទាំងអស់ បន្តចូលរួមគោរពច្បាប់ និងបើកបរប្រកបដោយ ស្មារតីប្រុងប្រយ័ត្ន ដើម្បីយើងអាចឈានទៅកាត់បន្ថយចំនួនអ្នកស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ឱ្យមក នៅកម្រិតកាន់តែទាបជាងនេះ៕