រដ្ឋមន្ត្រីទេសចរណ៍ ដាក់ចេញវិធានការណែនាំ ៤ចំណុច ដើម្បីទប់ស្កាត់កូវីដ១៩ ក្នុងឱកាសឆ្លងឆ្នាំសកល

0

ភ្នំពេញ៖ នាឱកាសឆ្លងឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេចរណ៍ បានដាក់ចេញវិធានការណែនាំ ៤ចំណុចដល់មន្ទីរទេសចរណ៍ រាជធានី-ខេត្ត បន្តអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។

យោងតាមសារាចរណែនាំរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៩ ធ្នូបានឲ្យដឹងថា ដើម្បីត្រៀមលក្ខណៈ ស្វាគមន៍ភ្ញៀវទេសចរ នាឱកាសឆ្លងឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ និងស្របពេលព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបានបិទបញ្ចប់ ក្រសួងទេសចរណ៍ បានធ្វើការណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ដូចខាងក្រោម៖

១.បន្តជំរុញការអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយ ដែលបានដាក់ចេញដោយ ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ របស់ក្រសួងទេសចរណ៍ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសការត្រួតពិនិត្យកម្តៅ ពាក់ម៉ាស លាងដៃ និងបាញ់អាកុលសម្លាប់មេរោគ ឲ្យបានជាប្រចាំនៅគ្រប់គោល ដៅទេសចរណ៍ទាំងអស់។

២.បង្កើនការគ្រប់គ្រងគ្រប់គោលដៅ ទេសចរណ៍ទាំងអស់ឲ្យបានល្អប្រសើរ ពិសេសការកំណត់សមត្ថភាពផ្ទុកអតិបរមា (Carrying Capacity)។ រាល់ការជួបជុំជាក្រុមនៅតាមកន្លែងលំហែកម្សាន្ត ឬនៅក្នុងភោជនីយដ្ឋាន ត្រូវរក្សាគម្លាតសុវត្ថិភាពឲ្យបានត្រឹមត្រូវ (យ៉ាងតិច ១ ម៉ែត្រកន្លះពីគ្នា) និងត្រូវកត់ត្រាព័ត៌មានភ្ញៀវទេសចរឲ្យបានហ្មត់ចត់ (ឈ្មោះ លេខទូរស័ព្ទ និងអាសយដ្ឋាន)។

៣.បន្តសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ក្នុងការពង្រឹងគុណភាពសេវាទេសចរណ៍ ថែរក្សាអនាម័យបរិស្ថាន និងរក្សាតម្លៃផលិតផលឲ្យបានសមរម្យ។

៤.បន្តចុះតាមគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីបញ្ជ្រាបការយល់ដឹងជា សាធារណៈដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋអំពីហានិភ័យ និងវិធានការទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ-១៩៕