ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា កម្ពុជាមានសាច់ប្រាក់សុទ្ធ ដែលសន្សំទុកនៅរតនាគារជាតិ ប្រមាណ ៣ពាន់លានដុល្លារ និងមានទុនបម្រុងអន្តរជាតិជាង ២០ពាន់លានដុល្លារ ក្នុងនោះក៏មានមាសជាង ៤៤តោនផងដែរ ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ៗ ក្នុងពិធីថ្លែងសារពិសេសពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» នៅថ្ងៃទី២៩ ធ្នូ យ៉ាងដូច្នេះថា «បើគិតត្រឹមម៉ោង ៥ល្ងាចម្សិលមិញ ជាសាច់ប្រាក់នៅក្នុងរតនាគារតែម្ដង គឺមានចំនួន ១៣លានលានរៀល (ប្រមាណ ៣ពាន់លានដុល្លារ) ដូច្នេះអត់ទាន់ស្រកស្រុតទេអាពៅ ផ្ដាំពីចម្ងាយទៅ ទឹកប្រាក់ទាំងនេះ គឺជាសាច់ប្រាក់សន្សំនៅក្នុងរតនាគារជាតិ មិនមែនគ្រាន់តែជាតួលេខ នោះទេ ។ ឯទុនបម្រុងអន្តរជាតិ មានមួយផ្សេងទៀត ដែលខ្ញុំប្រាប់តួលេខអ្នកឯងឲ្យបានភ្លឺភ្នែក នេះគឺរបាយការណ៍ ទើបចេញថ្ងៃ២៥ ធ្នូនេះទេ ទុនបម្រុងផ្លូវការរបស់ប្រទេសកម្ពុជា មានជាង ២០ពាន់លានដុល្លារ ក្នុងក៏មានមាសជាង ៤៤តោនផងដែរ ជាកេរ្តិ៍មរតករបស់ព្រះករុណាបិតា» ។
សម្ដេចបន្តថា មាសទាំង ៤៤តោននេះ មានតម្កល់នៅប្រទេសស្វីសចំនួន ១២តោន ៤រយគីឡូក្រាម (ជាមរតករបស់ព្រះបរមរតនកោដ្ឋ បន្សល់ទុកតាំងពីសម័យសង្គមរាស្ត្រនិយម) តម្កល់ទុកនៅធនាគារកណ្ដាលអង់គ្លេស ១៧តោន (ទើបតែទិញថ្មី) និងចំនួន ១៥តោន តម្កល់ទុកនៅធនាគារជាតិកម្ពុជា ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ថ្លែងថា សេដ្ឋកិច្ចកម្ពុជា ពិតមែនតែអវិជ្ជមាន តែវាល្អណាស់សម្រាប់យើង ជាក់ស្ដែងគិតត្រឹម១១ខែ ឆ្នាំ២០២០នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបណ្ដាប្រទេសដៃគូទាំងអស់ មានចំនួន ៣២ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញមានចំនួនជិត ១៥ពាន់លានដុល្លារ ។ សម្ដេចថា ទោះបីមានកូវីដ១៩ តែការនាំចេញរបស់កម្ពុជា នៅតែល្អ ។
សម្ដេចបន្ថែមថា ក្នុងចំណោមការនាំចេញរបស់កម្ពុជាជិត ១៦ពាន់លានដុល្លារ ក្នុងនោះការនាំចេញកសិកម្ម រាប់តែ ៧មុខទំនិញ មានជិត ៤ពាន់លានដុល្លារ ។ សម្ដេចថា ស្រូវឆ្នាំនេះនាំចេញជាង ២លានតោន នាំចេញជាអង្ករបានជិត ៧០ម៉ឺនតោន ដំឡូងមីនាំជចេញជាង ៧លានតោន ស្វាយចន្ទីនាំចេញជាង ២០ម៉ឺនតោន ស្វាយនាំចេញ ៨៥ម៉ឺនតោន ចេកអំបូងលឿងនាំចេញ ជាង៣១០តោន ដំណាប់មៀនប៉ៃលិននាំចេញ ១៧៤តោន ម្រេចនាំចេញគិតជាប្រាក់បាន ២៥លានដុល្លារ ៕