ភ្នំពេញ៖ ស្របពេលដែលរាជរដ្ឋាភិបាល ទទួលបានថវិកាចំនួនជាង ៥៣លានដុល្លារ និងជិត ២ពាន់លានរៀល ពីសប្បុរសជន ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា កម្ពុជា មានច្រកទ្វារសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ ចំនួន ៣ច្រកសំខាន់ៗ ។
ក្នុងឱកាសថ្លែងសារពិសេស ផ្ញើជូនជនរួមជាតិខ្មែរនៅថ្ងៃទី២៩ ធ្នូនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបិទបញ្ចប់ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ។ សម្តេចតេជោបន្តថា តាំងពីថ្ងៃទី២០ ខែធ្នូ រហូតមកដល់ពេលនេះ មិនទាន់មានពលករខ្មែរ ដែលនាំជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើង នៅប្រទេសថៃ ចូលមកកម្ពុជានោះទេ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ បន្តរស់នៅក្នុងប្រទេសថៃបន្តទៀត ចៀសវាងចល័តពីកន្លែងមួយទៅកន្លែងមួយ ។ សម្តេចតេជោ បន្តថា ឆ្លងកាត់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា យើងបានកំពុងប្រយុទ្ធនឹងសមរភូមិ៣ រួមមានទី១៖ គឺការនាំចូល, ទី២៖ គឺការឆ្លងក្នុងសហគមន៍ដែលទើប នឹងឆ្លងកាលពីថ្ងៃទី២៨វិច្ឆិកា និងទី៣៖ គឺការព្យាបាលឱ្យជាសះស្បើយ។
សម្តេចតេជោ ថ្លែងរំលឹកថា កាលមុនកម្ពុជាជាប់លេខ១នៅអាស៊ី និងលេខ៣ នៅលើពិភពលោក ក្នុងការទប់ស្កាត់កូវីដ១៩ ប៉ុន្តែពេលនេះកម្ពុជាជាប់លេខ១ លើពិភពលោក ក្នុងការទប់ស្កាត់កូវីដ១៩។ ទោះជាទទួលបានចំណាត់ថ្នាក់ល្អ ប៉ុន្តែយើងមិនត្រូវត្រេកអរទេ ដោយសារតែបញ្ហាកូវីដ១៩ នៅលើពិភពលោក មិនទាន់បិទបញ្ចប់ទេ។
សម្តេចតេជោ ប្រកាសថា គិតត្រឹមម៉ោង២រសៀល ម្សិលមិញ រាជរដ្ឋាភិបាលបានទទួលថវិកា លុយដុល្លារ ៥៣ ៦៧៩ ៧១៤ដុល្លារ និងប្រាក់រៀល ៩ ៩៣៥ ៤៨៨ ៥០០រៀល ពីសប្បុរសជន ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ។ សម្តេចតេជោ បានអរព្រះគុណព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលបានចូលរួមប្រទានថវិកា ដើម្បីទិញវ៉ាក់សាំង ព្រមទាំងអរគុណដល់សប្បុរសជននានា ដែលបានចូលរួមផងដែរ។
សម្តេចបញ្ជាក់ថា «ច្រកទ្វារសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ យកមកកម្ពុជា មាន៣ច្រក ក្នុងនោះមានតាមរយៈខូវ៉ាក់ ច្រកទី២ តាមរយៈទំនាក់ទំនងរវាងប្រទេស និងប្រទេស និងច្រកទី៣ តាមរយៈការចរចាជាមួយក្រុមហ៊ុនផ្ទាល់តែម្តង។ កម្ពុជាត្រូវរង់ចាំរហូតមានការ ទទួលស្គាល់ជាក់លាក់ដោយ អង្គការសុខភាពពិភពលោក ទើបអាចបញ្ជាទិញវ៉ាក់សាំងបាន ព្រោះយើងមិនអាចយកប្រជាជនកម្ពុជា ទៅពិសោធន៍វ៉ាក់សាំងនោះទេ» ។
សម្តេចតេជោបន្តទៀតថា កម្ពុជាកំពុងត្រៀមជំនួយម៉ាស និងបរិក្ខាពេទ្យប្រឆាំងកូវីដ១៩ ដល់ប្រទេសនេប៉ាល់ ដែលជាប្រទេសលំបាក ៕