ភ្នំពេញ ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌប្ញស្សីកែវ នគរបាលខណ្ឌជ្រោយចង្វារ នគរបាលខេត្តបាត់ដំបង និងនគរបាលខេត្តបន្ទាយមានជ័យ បានស្រាវជ្រាវបង្ក្រាបជនសង្ស័យ០៥នាក់ដែលធ្វើសកម្មភាពឃុបឃិតគ្នាក្លែងបន្លំឯកសារសារធារណៈខុសច្បាប់ ដោយយករថយន្ត ជួលជិះចំនួន០៣គ្រឿង ទៅធ្វើប័ណ្ណសម្គាល់ រថយន្ត(កាតគ្រី)ក្លែងក្លាយយក ទៅលក់ឱ្យអ្នកដទៃ ។
កម្លាំងនគរបាល បង្ក្រាបជនសង្ស័យទាំង៥នាក់ បានធ្វើឡើងចំណាយ ពេល៣ថ្ងៃ នៅថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ដែលបានទៅចាប់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់នៅភ្នំពេញ រហូតដល់ខេត្តបាត់ដំបង និងបន្ទាយមានជ័យ ក្រោយពីកម្លាំងនគរបាលការិយាល័យ ព្រហ្មកម្រិតស្រាល រាជធានីភ្នំពេញទទួលពាក្យបណ្តឹង ពីជនរងគ្រោះ (ម្ចាស់រថយន្តនិង អ្នកទទួលទិញរថយន្ត)។ ជនសង្ស័យទាំង៥នាក់នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញកសាងសំណុំរឿង និងវត្ថុតាងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ដោយរងការចោទប្រកាន់ចំនួន០៣បទល្មើសគឺបទឆបោក,រំលោភទំនុកចិត្ត និងក្លែងឯកសាធារណៈខុសច្បាប់ ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរ បាលព្រហ្មកម្រិតស្រាលរាជធានីភ្នំពេញប្រាប់ឱ្យដឹងថា ការបង្ក្រាបជនសង្ស័យទាំង៥នាក់ គឺអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោយពីប្រជាពលរដ្ឋរងគ្រោះម្ចាស់រថយន្ត និងអ្នកទិញរថយន្តប្តឹងរាយការណ៍ករណីចាញ់បោកក្រុមជនសង្ស័យទាំងនេះឃុបឃិតគ្នាធ្វើប័ណ្ណសម្គាល់រថយន្ត(កាតគ្រី)ក្លែងក្លាយយករថយន្តដែលជួលទៅលក់បាត់ ខាតបង់គិតជាទឹកប្រាក់ច្រើនម៉ឺនដុល្លារ ។
លោកនាយការិយាល័យប្រាប់ឱ្យដឹងទៀតថា ជនសង្ស័យទាំង០៥នាក់ឈ្មោះ១-រឿន ចាន់រី ភេទប្រុស អាយុ៣៣ឆ្នាំ ប្រកបមុខរបរកសិករ រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំប ។ ២-ខុន រតនៈ ភេទប្រុស អាយុ២៦ឆ្នាំ ប្រកបមុខរបររត់ម៉ូតូកង់៣ ស្នាក់នៅផ្ទះជួល សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ។ ៣-រឿន តិន ហៅតាំ ភេទប្រុស អាយុ៣៧ឆ្នាំ ភេទប្រុស អាយុ៣៧ឆ្នាំ ប្រកបមុខរបរលក់ដូរ រស់នៅភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។ ៤-រ៉ាន់ បូរ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ប្រកបមុខរបរលក់ដូរ រស់នៅផ្ទះជួល សង្កាត់ដូនទាវ ក្រុងបាត់ដំបង និង៥-ហង្ស សីភៀង ហៅពាង ភេទប្រុស អាយុ២៧ឆ្នាំ ប្រកបមុខរបរលក់ដូរ រស់នៅភូមិប្ញស្សីក្រោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ជាមួយនឹងការចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានៈរថយន្តម៉ាក តូយ៉ូតា ឡិចស៊ីស ៣៣០ ពណ៌ខ្មៅ ស៊េរីឆ្នាំ១៩៩៩ ពាក់ស្លាកលេខភ្នំពេញ 2J-6067 ចំនួន០១គ្រឿង ។ រថយន្តម៉ាក តូយ៉ូតា ឡិចស៊ីស៣៣០ ពណ៌ទឹកមាស ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខភ្នំពេញ 2BH-9837 ,ប័ណ្ណសំគាល់រថយន្តក្លែងក្លាយ០៧សន្លឹក, ស្លាកលេខរថយន្ត០៣បន្ទះ និងលិខិតកិច្ចសន្យាជួល និងលក់រថយន្តមួយចំនួនទៀតផងដែរ ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា ឱ្យដឹងទៀតថា ជនសង្ស័យខាងលើ បានធ្វើសកម្មភាពឆបោក និងរំលោភទំនុកចិត្តនៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០២០ ។
ករណីទី១-ទៅលើជនរងគ្រោះឈ្មោះ សេក សុភាស់ ភេទប្រុស អាយុ៤០ឆ្នាំ ប្រកបមុខរបរលក់រថយន្ត នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈPPT ផ្លូវលេខ១០៥ សង្កាត់ទួលសង្កែ០១ ខណ្ឌប្ញស្សីកែវ អស់ប្រាក់ចំនួន៧,៦៥០ដុល្លារ ។
ករណីទី២-រំលោភលើទំនុកចិត្តយករថយន្តម៉ាកឡិចស៊ីស៣៣០ ពណ៌ស ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខភ្នំពេញ 2AO-0326 ធ្វើឯកសារប័ណ្ណសម្គាល់រថយន្តក្លែងក្លាយ ហើយយករថយន្តនោះទៅលក់បាត់ ស្ថិតនៅចំណុចភោជនីយដ្ឋានមីហឺផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ ។ ជនរងគ្រោះមានឈ្មោះ ជឿង ចាន់ណា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិតំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ករណីទី៣-រំលោភលើកទំនុកចិត្តយករថយន្តរថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខភ្នំពេញ 2BJ-1265 ធ្វើប័ណ្ណសម្គាល់រថយន្តក្លែងក្លាយយកទៅលក់បាត់ ប្រព្រឹត្តនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ ជនរងគ្រោះឈ្មោះ វ៉ាត សុវណ្ណារី ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ ៨៩ ភូមិភ្លូវផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។
ករណីទី៤-រំលោភលើទំនុកចិត្តយករថយន្តម៉ាកធុនត្រា ពណ៌ស ស៊េរីឆ្នាំ ២០០៧ពាក់ស្លាកលេខភ្នំពេញ 2BC-9771 ប្រព្រឹត្តនៅចំណុចជិតរោងចក្រអគ្គីសនីផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ ។ ជនរងគ្រោះមានឈ្មោះ ឯក ប៊ុនថា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិល្វា សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បច្ចុប្បន្ន កម្លាំងនគរបាលរាជធានីភ្នំពេញបន្តស្រាវជ្រាវរកបក្ខពួកជាប់ព័ន្ធនឹងជនសង្ស័យ ដើម្បី យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕