ភ្នំពេញ៖ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាត ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារគ្រឿងញៀន កាលពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំមន្រ្តីការិយាល័យជំនាញបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ១ករណីនៅក្នុងក្រុងបាត់ដំបង ដោយធ្វើការឃាត់ខ្លួនជនសង័្សយចំនួន ៣នាក់ក្នុងបទល្មើសជាក់ស្តែង ។
ជនសង្ស័យទាំង ៣នាក់ រួមមាន៖ ១.ឈ្មោះទូច សារុំ ភេទប្រុសអាយុ ៥៩ឆ្នំា រស់នៅភូមិដើមជ្រៃ ឃុំអូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ។ ២.ឈ្មោះសន សារ៉ាត ហៅហើមហៅរម្យភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិដើមកូវ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ៣.ឈ្មោះ ហ៊ាង ហូយភេទប្រុស អាយុ ៤៧ឆ្នំារស់នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
វត្ថុតាងចាប់យករួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកកចំនួន ៥ថង់ មានទម្ងន់ ៥គីឡូក្រាម និងទូរស័ព្ទដៃចំនួន ១គ្រឿង ។
បច្ចុប្បន្ន នគរបាលការិយាល័យជំនាញ កំពុងរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕