ភ្នំពេញ៖ ទីបំផុតករណីឃាតកម្មនៅស្រុកពញាឮ ដែលឃាតករឹតកសម្លាប់ ចៅអធិការវត្តចេតិយ៍ថ្មី ត្រូវបានកម្លាំងនគរបាលខេត្តកណ្ដាល បំបែកសំណុំរឿងបានហើយ ដោយចាប់ខ្លួនជនសង្ស័យ ជាមេក្លោង កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ។
ជនសង្ស័យរូបនេះមានឈ្មោះ ឡៅ ទ្រី ហៅឃាង ភេទប្រុស អាយុ៥១ឆ្នាំ មុខរបររកស៊ីពុះដីឡូតិ៍លក់ មានទីលំនៅភូមិផ្សារដែក ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល ។ ចំណែកព្រះសង្ឃរងគ្រោះព្រះនាម ភោគ ធារិទ្ធ ហៅតាតឿ ហៅតាតុប មានព្រះជន្ម៥៣ព្រះវស្សា ជាចៅអធិការវត្តចេតិយ៍ថ្មី។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ មានការភ្ញាក់ផ្អើលមួយកើតឡើងនៅវត្តចេតិយ៍ថ្មី ក្នុងភូមិចេតិយ៍ថ្មី ឃុំវិហារហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល ដោយគេឃើញព្រះចៅអធិការវត្ត ត្រូវបានគេធ្វើគត់ដោយរឹតក ហើយទុកនៅលើគ្រែក្នុងបន្ទប់ដែលព្រះអង្គសឹង ។
ពាក់ព័ន្ធបញ្ហានេះនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ កិច្ចប្រត្តិបត្តិការ និងស្រាវជ្រាវរបស់សមត្ថកិច្ច នគរបាលខេត្តកណ្តាល បានឈានទៅដល់ការឃាត់ខ្លួន ជនផ្តើមគំនិតសម្លាប់ ចៅអធិការវត្តចេតីយថ្មីនេះ ។ ក្រោមបញ្ជាដឹកនាំរបស់ លោកស្នងការនគរបាលខេត្តកណ្តាល និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាលក្នុងរយៈពេល ៧ថ្ងៃ ក៏ឈានដល់ការកំណត់បានមុខសញ្ញាមេខ្លោងផ្ដើមគំនិតជួលជនសង្ស័យ ឲ្យទៅធ្វើឃាតព្រះសង្ឃ នោះគឺឈ្មោះ ឡៅ ទ្រី ហៅឃាង នេះយកមកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា នៅថ្ងៃមិនចាំខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១១ថ្ងៃត្រង់ ឈ្មោះ ស្រេង ស្រ៊ុន បានទូរស័ព្ទមកជនសង្ស័យឈ្មោះ ឡៅ ទ្រី ហៅឃាង ណាត់ជួបគ្នានៅហាងម្លប់ស្វាយ ជិតផ្លូវចូលប៉ុស្តិ៍នគរបាលរដ្ឋបាល វិហារលួង ។ ពេលជួបគ្នាជនសង្ស័យបាននិយាយរឿងឈ្លោះគ្នា ជាមួយចៅអធិការវត្តចេតតិយ៍ថ្មី ហើយបានសួររកអ្នកស្មាត់ (អ្នកផ្តាច់ជីវិត) ។ ពេលនោះឈ្មោះ ស្រេង ស្រ៊ុន ថា រឿងហ្នឹងកុំភ័យឲ្យតែលុយម៉ោ ទើបឈ្មោះ ឡៅ ទ្រី ហៅឃាង សួរថាប៉ុន្មាន? ឈ្មោះ ស្រេង ស្រ៊ុនឆ្លើយថា ៧.០០០ដុល្លារ ហើយខ្លួន (ឡៅ ទ្រី) បានយល់ព្រម ។
ជនសង្ស័យរៀបរាប់បន្តថា រំលងបានប្រហែល ២០ថ្ងៃ ក្រោយមកវេលាម៉ោងប្រហែល៤រសៀល ឈ្មោះស្រេង ស្រ៊ុន (ជនដៃដល់) បានទូរស័ព្ទហៅខ្លួនឲ្យទៅជួបនៅហាងម្លប់ត្នោត ដោយប្រាប់ថា ១០.០០០ដុល្លារទើបបានធ្វើកើត ព្រោះទាល់តែគ្នា៣នាក់បានធ្វើឈ្នះ ពេលនោះខ្លួនក៏បានយល់ព្រម ហើយបានប្រគល់លុយឲ្យមុន៣.០០០ដុល្លារ រួចក៏បែកគ្នាចេញមកមុន ។ លុះមកដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៦និង៤០នាទី ល្ងាចឈ្មោះ ស្រេង ស្រ៊ុន បានទូរស័ព្ទមកប្រាប់ខ្លួនថា «ប្លង់រឹង» (ភាសាដាក់ម៉ូធ្វើសកម្មភាព) ធ្វើរួចហើយ ខ្លួនក៏ថា ធ្វើរួចក៏រួចទៅ ។ លុះដល់ម៉ោងប្រហែល១០យប់ថ្ងៃដដែល ឈ្មោះ ស្រេង ស្រ៊ុន ជាជនដៃដល់ បានឆាតតាម Telegram ថា បានផ្តាច់ជីវិតចៅអធិការរួចហើយ ដោយរឹត.ករួចលើកដាក់លើគ្រែគ្របភួយ ពេលនោះឈ្មោះស្រេង ស្រ៊ុន បានទារលុយពីខ្លួនបង្គ្រប់ តែខ្លួនថា ចាំស្អែកទៅ ។ លុះស្អែកឡើងវេលាម៉ោង១០និង៣០នាទី ខ្លួន (ឡៅ ទ្រី មេក្លោងផ្តើមគំនិត) បានបើករថយន្តម៉ាកព្រូស យកលុយទៅឲ្យឈ្មោះ ស្រេង ស្រ៊ុន ជាជនដៃដល់ នៅជិតរោងចក្រស្រែចិន្តា ។ ពេលទៅដល់ឃើញឈ្មោះ ស្រេង ស្រ៊ុន ជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា អត់ផ្លាកលេខចាំនៅទីនោះ ហើយក៏ហុចលុយ៧.០០០ដុល្លារតាមកញ្ចក់ឡានឲ្យទៅឈ្មោះ ស្រេង ស្រ៊ុន រួចហើយឈ្មោះ ស្រេង ស្រ៊ុន បានប្រាប់ថា ពេលប៉ូលិសសួរ កុំឆ្លើយអ្វីទាំងអស់ និយាយតែមិនដឹងៗទៅប៉ូលិសមិនអាចធ្វើអ្វីកើតទេ និងឲ្យលុបលេខទូរស័ព្ទ និងរូបពាក់ព័ន្ធទាំងអស់ចោល រួចក៏បែកគ្នាទៅ ។
ចំពោះមូលហេតុនៃការសម្លាប់នេះ ជនសង្ស័យបានបញ្ជាក់ថា ខ្លួន (ឡៅ ទ្រី) បានរៀបចំផែនការធ្វើឃាតព្រះសង្ឃជាជនរងគ្រោះ ព្រោះបានយកផ្ទះ និងតូបផ្សារនៅផ្សារម៉ាន់អាំង រាជធានីភ្នំពេញ និងដី២ឡូតិ៍នៅផ្សារត្រាច ខេត្តកំពង់ឆ្នាំង ដោយបានយកលុយពីលោកចំនួន ១១.៥០០ ដុល្លារថា ទៅសង់ផ្ទះ តែមិនបានសង់ទេ ព្រមទាំងយកទ្រព្យសម្បត្តិរបស់លោក (ចៅអធិការ) ដែលជនរងគ្រោះឲ្យខ្លួនឈរឈ្មោះជំនួស យកទៅលក់អស់ទៀតផង ។ ហើយចុងក្រោយនេះខ្លួនបានលេចឮព័ត៌មានថា ព្រះចៅអធិការលោកជិតសឹក នៅដំណាច់ឆ្នាំនេះ ដើម្បីទៅកាន់កាប់ និងគ្រប់គ្រងទ្រព្យសម្បត្តិ និងផ្ទះសម្បែងទាំងអស់របស់លោកវិញ ទើបខ្លួនរៀបចំផែនការធ្វើគុត ដើម្បីបំបិទមាត់ព្រះអង្គឲ្យបានសម្រេចនៅថ្ងៃទី១៩ ខែធ្នូ នេះតែម្ដង ក្នុងគោលបំណងប្រមូល និងកាន់កាប់លុយកាក់ និងទ្រព្យសម្បត្តិរបស់ព្រះចៅអធិការទាំងអស់។ ក្រោយបញ្ចប់ការសួរយកចម្លើយ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបន្តតាមស្វែងបក្សពួក ដែលជាជនដៃដល់បន្តទៀត ៕