ទៀតហើយ !បង្កើត Facebook ក្លែងក្លាយដាក់រូបស្រីស្អាត ឆាតលួងលោមបុរសៗ ដើម្បីបានវីដេអូ និងរូបភាពអាក្រាត រួចគំរាមទារប្រាក់

0

ភ្នំពេញ៖ បង្កើត Facebook ក្លែងក្លាយដាក់រូបស្រីស្អាត ដាក់ឈ្មោះ កញ្ញា តី ហើយឆាតលួងលោមបុរសៗ ដើម្បីបានវីដេអូ និងរូបភាពអាក្រាត រួចគំរាមទារប្រាក់ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌចាប់ខ្លួន។
បុរសម្នាក់ជំនាញបង្កើតគណនី Facebook ក្លែងក្លាយប្រើប្រាស់រូបភាពនារីស្អាតៗ ហើយឆាតលួងលោមបុរសៗ ដើម្បីបានវីដេអូ និងរូបភាពអាក្រាតកាយ រួចគំរាមបង្ហោះចែកចាយ ជាសាធារណៈប្រសិន បើជនរងគ្រោះមិនផ្ដល់លុយតាមអ្វីដែលគេទាមទារនោះ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនបាននៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ ការចាប់ខ្លួននេះ គឺដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ហែម បូណា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់។

ជនសង្ស័យដែលកម្លាំង នគរបាលជំនាញចាប់ខ្លួន បាន ឈ្មោះ ម៉ាក់ ហាក់ចន្ថា អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិផ្សារថ្មី ឃុំ១៣មករា ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ការចាប់ខ្លួននេះ នៅពេលដែលជនសង្ស័យ កំពុងធ្វើដំណើរទៅដកប្រាក់ ក្រោយគំរាមទារ បានសម្រេចពីបុរសជនរងគ្រោះ ម្នាក់ ដែលមានទីលំនៅ ក្នុងខណ្ឌទួលគោក។

ក្រោយចាប់ខ្លួន កម្លាំងជំនាញបានរកឃើញថា ក្នុងទូរស័ព្ទ របស់ជនសង្ស័យ មានសុទ្ធតែរូបភាព និងវីដេអូអាក្រាតរបស់បុរសៗ ជាច្រើន ដែលសុទ្ធតែអ្នកចាញ់បោកជនដៃ តាមរយៈការលួងលោម និងផ្ញើរូបភាព ក៏ដូចជាវីដេអូរបស់នារីស្អាត ដើម្បីឲ្យជនរងគ្រោះទន់ចិត្ត ហើយធ្វើអ្វី តាមការប្រាប់របស់ជនសង្ស័យ។ បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ដតាមនីតិវិធី។

តាមរយៈ បទល្មើស លើកនេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានអំពាវនាវដល់ អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្ន ជៀសវាងបាញ់ បោកជនខិលខូចដែលប្រើប្រាស់រូបភាពបែបនេះ ឬស្រដៀងករណីនេះ ព្រោះករណីនេះមិនមែនទើបតែកើតមាននោះទេ៕