លោក ប្រាយុទ្ធ ច័ន្ទអូឆា បញ្ជាក់ប្រាប់សម្ដេចតេជោថា ទំនាក់ទំនងថៃ-កម្ពុជា កាន់តែមានភាពរឹងមាំ ជាងពេលណាៗទាំងអស់

0

ភ្នំពេញ៖ ក្នុងឱកាសដ៏វិសេសវិសាល នៃខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាង ថៃ-កម្ពុជា លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ បានបញ្ជាក់ប្រាប់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថា ទំនាក់ទំនងរវាង ថៃ-កម្ពុជា នៅពេលនេះ កាន់តែមានភាពរឹងមាំ ជាងពេលណាៗទាំងអស់ ជាមួយនឹងកិច្ចសហប្រតិបត្តិការដ៏ធំទូលាយ និងផលប្រយោជន៍រួមលើគ្រប់វិស័យ ។

តាមរយៈសារលិខិតផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាល នៃខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាង ថៃ-កម្ពុជា កាលពីពេលថ្មីៗនេះ លោក ប្រាយុទ្ធ ច័ន្ទអូឆា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមានសេចក្ដីសោមនស្សរីករាយសូមគូសបញ្ជាក់ថា ទំនាក់ទំនងរវាងថៃ និងកម្ពុជា កាន់តែមានភាពរឹងមាំជាងពេលណាទាំងអស់ ជាមួយនឹងកិច្ច សហប្រតិបត្តិការដ៏ធំទូលាយ និងផលប្រយោជន៍រួមលើគ្រប់វិស័យ»។

នាយករដ្ឋមន្ត្រីថៃ បន្តថា ជាប្រទេសជិតខាងជាមិត្តតំបន់ព្រំដែនរបស់ ថៃ-កម្ពុជា កំពុងទទួលបាននូវស្ថិរភាព និងសន្តិភាព យូរអង្វែង ដោយមានពាណិជ្ជកម្មឆ្លងដែនរីកចម្រើនឥតឈប់ឈរ ដែលនាំមកនូវការងារបន្ថែម និង បានលើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាជន ថៃ-កម្ពុជា ងឲ្យកាន់តែប្រសើរឡើង។ ពាណិជ្ជកម្មទ្វេភាគីរបស់យើង បានកើនឡើងយ៉ាងលឿន គួរឲ្យកត់សម្គាល់ពីប្រមាណ ៣០០លានដុល្លារអាមេរិក កាលពី២០ឆ្នាំមុន មកជាង ៩ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០១៩។ ការវិនិយោគរបស់ថៃនៅ កម្ពុជា បានកើនឡើង ដោយបានរួមចំណែកជាវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា ស្របពេលដែលសេដ្ឋកិច្ច ថែទទួលបាននូវ អត្ថប្រយោជន៍យ៉ាងច្រើនពីកម្លាំងពលកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ ប្រទេសកម្ពុជាផងដែរ ។

នាយករដ្ឋមន្ដ្រីថៃ បន្ថែមថា យើងក៏បានទទួលនូវវឌ្ឍនភាព ដ៏ល្អប្រសើរក្នុងការត ភ្ជាប់រវាងប្រទេសទាំង ដែលស្តែងចេញតាមរយៈ ស្ពានមិត្តភាពថៃ-កម្ពុជា (បានណងអៀន-ស្ទឹងបត់) ដែលតភ្ជាប់ខេត្ត ស្រះកែវ និងខេត្តបន្ទាយមានជ័យ និងការស្តារឡើងវិញនូវសេវាកម្មផ្លូវដែក ដែលនឹងតភ្ជាប់សហគមន៍នៃប្រទេសថៃ និងកម្ពុជា ក្នុងពេលឆាប់ៗ ព្រមទាំងនិងរួមចំណែកដល់លំហូរ ពាណិជ្ជកម្មប្រកបដោយ ប្រសិទ្ធភាពបន្ថែមទៀត។

នាយករដ្ឋមន្ដ្រីថៃ មានប្រសាសន៍ថា នៅក្នុងវិស័យអប់រំ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ គឺជាគំរូនៃភាពជោគជ័យសម្រាប់ស្ថាប័នវិជ្ជាជីវៈដទៃទៀត ហើយបានផ្តល់ឱកាស ជាច្រើនដល់យុវជន កម្ពុជា ដើម្បីទទួលបានភាពជោគជ័យ។ ថ្មីៗនេះ យើងក៏បានធ្វើការរួមគ្នាក្នុងការកាត់បន្ថយផល ប៉ះពាល់ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ទៅលើសេដ្ឋកិច្ច និងសង្គមរបស់យើងផងដែរ ដែលបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងតំបន់ និងអន្តរជាតិនាពេលអនាគត។

លោក ប្រាយុទ្ធ ច័ន្ទអូឆា បន្ថែមទៀតថា ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរបស់ថៃ-កម្ពុជា និងរយាងទៅលើវឌ្ឍនភាពដ៏ប្រសើរ ដែលយើងបានបង្កើតឡើងក្នុងនាមជាអ្នកជិតខាងល្អ និងជា ដៃគូ ក្នុងតំបន់ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនថៃ លោកជូនពរយ៉ាងកក់ក្តៅជាទីបំផុតជូនចំពោះ សម្តេចតេជោ និងប្រជាជនកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាលនេះ ។

លោកនាយករដ្ឋមន្ដ្រីថៃ មានជំនឿយ៉ាងមុតមាំថា មិត្តភាពរវាងថៃ និង កម្ពុជា មានភាពរឹងមាំ និង ឋិតថេរ ហើយប្រជាជនថៃ និង កម្ពុជា ជាពិសេស យុវជនជំនាន់ក្រោយ នឹងបន្តធ្វើការជាមួយ គ្នាឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់មួយ ដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍរួមគ្នា ៕