ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់ស្នើទៅកាន់រដ្ឋបាលរាជធានី-ខេត្ត ចំនួន ២ចំណុចសំខាន់ៗ ដើម្បីឲ្យដំណើរការអនុវត្តកម្មវិធី «ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រជុំទី៤» ប្រព្រឹត្តទៅដោយ ប្រសិទ្ធភាព តម្លាភាព និងសមធម៌ ។
តាមរយៈលិខិត ផ្ញើទៅការអភិបាលរាជធានី-ខេត្ត នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ សម្ដេច ស ខេង បានថ្លែងថា ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ដែលកំពុងកាន់ប័ណ្ណសមធម៌ ក្នុងអំឡុងពេលនៃការរីករាលដាល នៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា គិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់ខែធ្នូ ឆ្នាំ២០២០នេះ ដែលមានគ្រួសារក្រីក្រប្រមាណជាង ៧០ម៉ឺនគ្រួសារ គិតជាចំនួនប្រជាជនប្រមាណជាង ២,៨លាននាក់ កំពុងបើកប្រា ក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។ សម្ដេចថា លទ្ធផលជោគជ័យនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ របស់រាជរដ្ឋាភិ បាលកម្ពុជា ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ទទួលបាននូវការគាំទ្រ និងកោតសរសើរយ៉ាងធំធេងពី ប្រជាពលរដ្ឋ និងការសាទរពីគ្រប់មជ្ឈដ្ឋាន ជាពិសេសដៃគូអភិវឌ្ឍន៍នានា។
ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្តបើកផ្តល់ការឧបត្ថម្ភសាច់ប្រាក់ជុំទី៤ ចំនួន៣ខែ បន្ថែមទៀត គឺសម្រាប់ខែមករា កុម្ភៈ និងខែមីនា ឆ្នាំ២០២១ ដើម្បីជួយសម្រួលដល់ជីវភាពប្រជាជនកម្ពុជា។ ក្នុងន័យនេះ ដើម្បីឲ្យដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រជុំទី៤នេះ ប្រព្រឹត្តទៅប្រកប ដោយប្រសិទ្ធភាព តម្លាភាព និងសមធម៌ សម្ដេចក្រឡាហោម ស ខេង បានស្នើដល់ អភិបាលរាជធានី -ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តនូវ កិច្ចការមួយចំនួនដូចខាងក្រោម៖
១.ត្រូវធ្វើការណែនាំឲ្យបានម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋាន ជាពិសេស មេភូមិ និងក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវពង្រឹងការបំពេញការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលនៃ ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ឲ្យបានត្រឹមត្រូវ ច្បាស់លាស់ និងខ្ជាប់ខ្លួនបំផុត ហើយត្រូវចៀសវាងឲ្យ ខាងតែបាននូវការយោគយល់ និងយុបឃិតគ្នាដើម្បីដាក់បញ្ចូលក្រុមគ្រួសារ សាច់ញាតិ មិត្តភ័ក្ដិ ឬអ្នកស្គាល់គ្នា ដែលមិនមែនជាគ្រួសារក្រីក្រ និងងាយរងគ្រោះពិតប្រាកដ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ មុនដំណាច់ឆ្នាំ ២០២០ ។
២.រដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវតាមដាន ត្រួតពិនិត្យ និងជំរុញដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលនៃការរីករាលដាល នៃជំងឺកូវីដ-១៩ ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។ ទន្ទឹមនេះ រដ្ឋបាលរាជធានី- ខេត្ត ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់ចំពោះមន្ត្រីឃុំ សង្កាត់ណាដែលបានអនុវត្តមិនប្រក្រតីណាមួយ ក្នុងកម្មវិធី ឧបត្ថម្ភសាច់ប្រាក់នេះ៕