ភ្នំពេញ៖ រថយន្តដឹកទំនិញ មួយគ្រឿង បុករះប៉ះយានយន្តជាច្រើនគ្រឿង បណ្តាលឱ្យមនុស្ស ចំនួន៦នាក់ រងរបួស កាលពីព្រឹកថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២០ នៅលើវិថីផែ ចំណុចកែងរ៉ា ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ ដើមហេតុមកពីរថយន្ត ដឹកទំនិញមួយគ្រឿង បើកបរចុះផ្លូវ ចំណោត រួចដាច់ហ្វ្រ័ងក៏ជ្រុលទៅបុកជាបន្ត បន្ទាប់ ប៉ះរថយន្ត២គ្រឿង និងម៉ូតូឡំប្រឺតាកង់បី២គ្រឿង ។ គ្រោះថ្នាក់ចរាចរណ៍នេះ មានមនុស្សចំនួន០៦នាក់(ប្រុស) រងរបួសក្នុងនោះរងរបួសធ្ងន់២នាក់និងរងរបួសស្រាល ចំនួន៤នាក់។
យោងតាមរបាយការណ៍ អង្កេតបឋម របស់នគរបាលជំនាញបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្ត ១គ្រឿង ម៉ាកHYUNDAI ពណ៌ស ពាក់ស្លាក លេខ ព្រះសីហនុ 3A-7899 អ្នកបើកបរឈ្មោះ ខន សុភ័ក្រ ភេទប្រុស អាយុ៣៥ឆ្នាំ ( រថយន្តជាកម្មសិទ្ធរបស់ឈ្មោះ គិត ប៊ុន ) ស្នាក់នៅបច្ចុប្បន្នភូមិ ៣ សង្កាត់៤ ក្រុងព្រះសីហនុ មានទិសដៅ ពីកើត ឆ្ពោះទៅលិច លុះមកដល់ចំណុចខាងលើ ស្ថានភាព ផ្លូវចុះចំណោត រថយន្តបានដាច់ហ្រ្វ័ង ក៏ជ្រុលបុករះរថយន្ត ២គ្រឿង និងម៉ូតូឡាំប្រឺតា២គ្រឿង រងការខូចខាត ចំណែកអ្នករងរបួសទាំងអស់ បានដឹកទៅសង្រ្គោះនៅគ្លីនិក មិត្តភាព ឃ្លាំងលើ ក្នុងសង្កាត់១ ។
ក្រោយកើតហេតុ អ្នកបើកបរ រថយន្តបង្ក ត្រូវបានកម្លាំងជំនាញឃាត់ខ្លួន បណ្តោះ អាសន្ន រួមទាំងវត្ថុតាង នាំមករក្សាទុកនៅការិយាលយ័ នគរបាលចរាចរណ៍ ផ្លូវគោក ដោះស្រាយ បន្តតាមនីតិវិធី ៕