ឪពុកម្ដាយ ទ្រហោយំស្ទើរបាត់ស្មារតី ក្រោយស្រែកហៅកូនមិនលឺ ស្រាប់តែប្រទះឃើញ លង់ទឹកស្រះស្លាប់ម្ដងទាំង២នាក់

0

ភ្នំពេញ៖ ក្មេងប្រុសស្រី២នាក់ បានលង់ទឹកស្លាប់ យ៉ាងអាណោចអាធម ធ្វើឲ្យឪពុកម្តាយ ស្រែកទ្រហោយំ ស្ទើរបាត់ស្មារតី។ហេតុការណ៍ គួរឲ្យរន្ធត់នេះ បានកើតឡើងកាលពីវេលា ម៉ោង១១និង៣០នាទី ថ្ងៃទី២៧ ធ្នូ ២០២០ស្ថិតក្នុងភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង។

សមត្ថកិច្ច នគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា ក្មេងដែលលង់ស្លាប់ មានឈ្មោះសិរី រាជ ភេទប្រុសអាយុ៣ឆ្នាំ៦ខែ និងឈ្មោះចាន់ ណាណង ភេទស្រីអាយុ២ ឆ្នាំ មានទីលំនៅភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង

បើតាមស្ត្រីជាម្ដាយ បានរៀបរាប់ប្រាប់ សមត្ថកិច្ចថាមុនពេលកើតហេតុគាត់បានយកកូនប្រុសស្រីទាំងពីរនាក់ទៅលេងផ្ទះអ៊ំនៅភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ហើយបានរត់លេងធម្មាតា តាមរបៀបក្មេងៗ។

ប្រភពបន្ត ថាក្រោយមកកូនទាំង២បាន នាំគ្នារត់ដេញគ្នាលេងខាងក្រោយផ្ទះ ដែលនៅជិតវិទ្យាល័យចេក មួយសន្ទុះក្រោយមកស្រាប់តែ មិនឃើញកូនគាត់ ក៏ដើររកនិងស្រែកហៅមិនលឺឆ្លើយតប ស្រាប់តែប្រទះឃើញ លង់ទឹកស្រះ ទើបបង្កការភ្ញាក់ផ្អើលនាំគ្នាប្រញាប់ប្រញាល់ លើកស្រង់ដាក់ មកលើគោក និងធ្វើចលនា ដៃជើងតែបានដាច់ខ្យល់ស្លាប់ ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបាន ធ្វើកំណត់ហេតុនិងប្រគល់សពក្មេងទាំងពីរ ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕