ភ្នំពេញ៖ ផ្ដើមចេញពីគំនុំចាស់ បូករួមផឹកស្រាស្រវឹងស្រឿងៗផងនោះ ប៉ូលិសម្នាក់បានយកកូនកាំបិតចិតបន្លែ ចាក់គូសត្រូវជាប៉ូលិសដូចគ្នា ចំសៀតផ្កាខាងឆ្វេង បណ្តាលឲ្យបាក់ចុងកាំបិតជាប់ ក្នុងសៀតផ្កាតែម្ដង ។
ក្រោយកើតហេតុមន្ត្រីនគរបាលព្រហ្មទណ្ឌ កំរិតស្រាលនៃស្នងការដ្ឋាន នគបាលខេត្តខេត្តរតនគិរី ដែលត្រូវប៉ូលិសដូចគ្នាចាក់ឲ្យរបួសនោះ បានប្តឹងលោក រុំ សារិទ្ធ អធិការរងនគរបាលស្រុកអូរជុំ ពីបទ «ប៉ុនប៉ងមនុស្សឃាតដោយចេតនា» ។ នេះបើយោងតាម ពាក្យបណ្តឹង កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។
ពាក់ព័ន្ធបញ្ហានេះដែរ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី លោក ងិន ពេជ បានបញ្ជាក់ថា ចំពោះពាក្យបណ្តឹងនេះ តុលាការកំពុងចាត់ការតាមនីតិវិធី ។
បើតាមសម្ដីជនរងគ្រោះជា មន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគបាលខេត្តខេត្តរតនគិរី ឈ្មោះ ហេង គោរព បានរៀបរាប់ថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១១៖៣០នាទី យប់ ជនបង្កឈ្មោះ រុំ សារិទ្ធ បានយកកូនកាំបិតចិតបន្លែ ចាក់មកលើរូបលោកចំសៀតផ្កាខាងឆ្វេង បណ្តាលអោយបាក់ចុងកាំបិតជាប់ក្នុងសៀតផ្កាខាងឆ្វេង ។
អំពើប៉ុនប៉ងមនុស្សឃាតដោយចេតនានេះ គឺ កើតឡើងនៅចំណុចភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។ ក្នុងហេតុការណ៍នេះគឺ កើតឡើងដោយសារទំនាស់ពាក្យសម្តី រហូតឈានដល់ហិង្សាដោយចេតនានោះ ពោលគឺ ផ្តើមចេញពីផឹកស៊ីជុំគ្នានៅផ្ទះមិត្តភក្តិ និយាយរឿងគំនុំយូរមកហើយ នាំឱ្យជនដៃដល់មានកំហឹង ឈានទៅយកកំប៉ុងស្រាបៀរ មិនទាន់គាស់មកគប់ទៅលើ ជនរងគ្រោះមួយទំហឹង ។
ពេលនោះជនរងគ្រោះស្ទុះ ហក់ទៅបំណងតបត តែត្រូវជនដៃដល់ចាប់បានកូនកាំបិត ស្ទុះចាក់ចំសៀតផ្កាខាងឆ្វេង បណ្តាលឱ្យបាក់ចុងជាប់កប់ក្នុងសាច់ ហើយដួលទៅនឹងដីបាត់មាត់បាត់ក រួចក៏ត្រូវគេជួយឃាត់ទាញចេញរៀងៗខ្លួន នឹងបញ្ជូនទៅសង្គ្រោះភ្លាមៗដែរ ។ បន្ទាប់មក ជនរងគ្រោះត្រូវបានបញ្ជូនបន្តដល់ពេទ្យកាល់ម៉ែត ហើយត្រូវបានក្រុមគ្រូពេទ្យធ្វើការវះកាត់រួចរាល់ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ រួចហើយ ៕