ពលករខ្មែរជិត ២០០គ្រួសារ ដែលកំពុងរងផលប៉ះពាល់ ពីការផ្ទុះជំងឺកូវីដ១៩ នៅខេត្តសមុទ្រសាខន ប្រទេសថៃ ទទួលបានអំណោយ ពីរាជរដ្ឋាភិបាលកម្ពុជា

0

ភ្នំពេញ៖ ស្របពេលដែលកំពុងរងផល ប៉ះពាល់ចំពោះជីវភាពប្រចាំថ្ងៃ ក្រោយការរឹតបន្ដឹងការចេញ-ចូលក្នុងតំបន់មួយចំនួន ដោយសារថៃផ្ទុះជំងឺកូវីដ១៩ ជាថ្មីនោះ ពលករខ្មែរជិត ២០០គ្រួសារ នៅជាយទីក្រុងបាងកក ជាប់ព្រំប្រទល់ខេត្តសមុទ្រសាខន ទទួលបានអំណោយពី រាជរដ្ឋាភិបាលកម្ពុជា ។

យោងតាមសេចក្ដីជូនដំណឹង របស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ កាលពីថ្ងៃទី២៥ ធ្នូ បានឲ្យដឹងថា បន្ទាប់ពីស្ថានទូតបានទទួល ដំណឹងពីទុក្ខលំបាកខ្លាំង របស់បងប្អូនពលរដ្ឋខ្មែរមួយចំនួន ដោយសារស្ថានភាពការ រីករាលដាលនៃជំងឺកូវីដ១៩ នៅតាមខេត្តមួយចំនួន ក្រោយការផ្ទុះឆ្លងជំងឺកូវីដ១៩ រលកថ្មីនៅខេត្តសមុទ្រសាខន នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារស្ថានទូត បាននាំ យកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន អង្ករ មី ត្រីខ ទឹកស៊ីអីវ ស្ករស អំបិល និងម៉ាស់ ចែកជូនបងប្អូន ពលករខ្មែរចំនួនជិត ២០០គ្រួសារ នៅជាយទីក្រុងបាងកក ជាប់ព្រំប្រទល់ខេត្តសមុទ្រសាខន ដែលកំពុងរងផល ប៉ះពាល់ចំពោះជីវភាពប្រចាំថ្ងៃ ក្រោយការរឹតបន្ដឹងការចេញ-ចូលក្នុងតំបន់មួយចំនួន ។

ទន្ទឹមគ្នានោះស្ថានទូត ក៏បានអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសថៃទាំងអស់ មេត្តាបន្តចូលរួមសហការ យ៉ាងសកម្មថែមទៀត កុំធ្វើការ ចល័ត ឬរត់គេចពីមួយកន្លែងទៅមួយកន្លែង នៅក្នុងអំឡុងពេលការរីករាលដាល ការឆ្លងជំងឺកូវីដ១៩ថ្មីៗនេះ ដើម្បីអនុវត្តនូវវិធានការនានារបស់ រាជរដ្ឋាភិបាលថៃឲ្យបានខ្ជាប់ខ្លួន និងមានប្រសិទ្ធិភាពខ្ពស់ ព្រមទាំងសូមរក្សាសុខភាព អនាម័យ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្តទៀត។

ស្ថានទូបញ្ជាក់ថា បើក្នុងករណីបងប្អូនមានបញ្ហាប្រឈម សូមទំនាក់ទំនងមកកាន់ស្ថានទូត តាមរយៈហ្វេសប៊ុកផេក ឬតាមរយៈលេខ ទូរស័ព្ទ ០៩២ ៨០៥០ ៥៦១ (ផ្នែកកុងស៊ុល/សិស្សនិស្សិត) និង០៩៤ ០៩២៥ ៩០៥ (ផ្នែកទទួលបន្ទុកពលករ) ៕