ឈប់បារម្ភទៅ! ការប្រើប្រាស់កម្មវិធី Telegram នៅតែមិនមានការបង់ថ្លៃ សេវាកម្មដដែល

0

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា សម្រាប់អ្នកប្រើប្រាស់ ដែលតែងតែគិតពីការការពារ ទិន្នន័យឯកជនភាពរបស់ពួកគេ កម្មវិធី Telegram គឺជាកម្មវិធីដែលគេប្រើប្រាស់ ដោយសារតែកម្មវិធីនេះ បានផ្ដល់នូវមុខងារ end-to-end encryption មុនគេ។

កម្មវិធី Telegram គឺជាកម្មវិធីទំនាក់ទំនងសង្គមដ៏ពេញ និយមមួយនៅក្នុងប្រទេសជាច្រើន ជាពិសេសនៅក្នុងប្រទេសមួយចំនួន នៃអតីតសហភាពសូវៀតនិងប្រទេសអុីរ៉ង់ ហើយបច្ចុប្បន្នមានអ្នកប្រើប្រាស់ ប្រមាណជិត៥០០ លាននាក់នៅជុំវិញពិភពលោក។ ចំណែកឯនៅក្នុងប្រទេសកម្ពុជាយើងវិញនោះ កម្មវិធី Telegram ក៏មានការពេញនិយមគួរសមដែរ ដោយសារកម្មវិធីនេះងាយស្រួលនឹងប្រើ ហើយម្យ៉ាងវិញទៀត វាមិនមានបញ្ហាច្រើនផងនោះ។

ដើម្បីរកកម្រៃមកផ្គត់ផ្គង់ សេវាកម្មនេះដែលមានអ្នកប្រើប្រាស់ កាន់តែច្រើននោះ កាលពីពេលថ្មីៗនេះលោក Pavel Durov ដែលជាស្ថាបនិករបស់កម្មវិធី Telegram បានប្រកាសថា នឹងចាប់ផ្ដើមឱ្យមានការបង់ថ្លៃ សេវាកម្មក្នុងឆ្នាំ២០២១ ដែលនេះធ្វើឱ្យអ្នកប្រើប្រាស់មួយចំនួន គិតថាគេត្រូវតែបង់ប្រាក់ដើម្បី ប្រើប្រាស់កម្មវិធីនេះនៅឆ្នាំក្រោយ ប៉ុន្តែតាមការពិតលោកអ្នកភាគច្រើន គឺអាចនៅតែបន្តប្រើប្រាស់កម្មវិធីនេះ ដោយមិនចាំបាច់ចំណាយថវិកាអ្វីទាំងអស់។

លោក Pavel Durov បានបញ្ជាក់នៅក្នុងការប្រកាសរបស់គាត់ថា ការបង់ថ្លៃសេវាកម្មគឺសម្រាប់តែ អ្នកប្រើប្រាស់ដែលផ្ញើឯកសារធំៗ “Power users” ហើយដែលចង់ប្រើប្រាស់មុខងារថ្មីៗបន្ថែម។ ការទាញយកនិងការប្រើប្រាស់កម្មវិធី ជាមួយនឹងមុខងារដែលមានក្នុងពេលបច្ចុប្បន្ន គឺនៅតែមិនចាំបាច់បង់ថ្លៃសេវាកម្មដដែល។ ទាក់ទងនឹងការផ្សព្វផ្សាយពាណិជ្ជកម្មវិញនោះ វាក៏មិនមានការប៉ះពាល់ដល់អ្នកប្រើប្រាស់ ទូទៅជាលក្ខណៈឯកជនទេ នេះគឺសម្រាប់តែផ្សព្វផ្សាយនៅក្នុងក្រុម របស់អ្នកប្រើប្រាស់ដែលមានអ្នកតាមដានច្រើន “Massive public one-to-many channels” តែប៉ុណ្ណោះ ៕