ភ្នំពេញ៖ ស្លាប់ ៨នាក់ និងរងរបួសធ្ងន់ស្រាល ២នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកទឹកកក បុករថយន្ត Camery ត្រង់ចំណុចក្រុមទី១ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីយប់ម្សិលមិញ ។
បើតាមរបាយការណ៍ នគរបាលស្រុកថ្មគោល បានឲ្យដឹងថា កាលពីម៉ោង ៩៖២០នាទី យប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ លើផ្លូវជាតិលេខ៥ កំពុងស្ថាបនា ត្រង់ចំណុចក្រុមទី១ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្ត ដឹកទំនិញធន់ធ្ងន់ (ទឹកកក) និងរថយន្តធុនស្រាល (Camery) បណ្តាលឱ្យអ្នកបើកបរ និងអ្នករួមដំណើររថយន្តទាំងសងខាងស្លាប់ នៅកន្លែងកើតហេតុចំនួន ៨នាក់ ប្រុស ៣នាក់ និងរបួសធ្ងន់ស្រាលចំនួន ២នាក់ (ប្រុស) ។
ករណីនេះកម្លាំងនគរបាលចរាចរណ៍ បានដឹកបញ្ជូនអ្នករងគ្រោះទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល រីឯអ្នកស្លាប់ទាំង ៨នាក់ ត្រូវបានដឹកសពយកមកតំកល់ទុក នៅវត្តអូរតាគី ដើម្បីរងចាំក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ៕







