ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះដែលមានថ្លៃទាបជាង ឬស្មើ ៧ម៉ឺនដុល្លារ ដោយគិតពីខែមករា ឆ្នាំ២០២១ ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២១។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីសេចក្ដីណែនាំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់ លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ នៅថ្ងៃទី២៣ ធ្នូ បានបញ្ជាក់ថា «បន្តលើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះដែលមានថ្លៃទាបជាង ឬស្មើប្រាំពីរម៉ឺនដុល្លារអាមេរិក ដោយគិតពីខែមករា ឆ្នាំ ២០២១ ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២១ ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ដែលចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង/ឬ នៅតាមមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»។
ពាក់ព័ន្ធបញ្ហានេះដែរ រាជរដ្ឋាភិបាល បានអំពាវនាវ ដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានទាំងអស់ ឲ្យចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបញ្ចុះថ្លៃផ្ទះ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ៕



