ភ្នំពេញ៖ មន្រ្តីនគបាលការរិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគបាលខេត្តតាកែវចំនួន ៤រូប ត្រូវបានចោទប្រកាន់ថា បានធ្វើសកម្មភាពភ្ជង់ជនរងគ្រោះយកលុយអស់ចំនួន ៧ពាន់ដុល្លារ។
បើតាមការបញ្ជាក់ពីជនរងគ្រោះ ឈ្មោះ ធូ ប៊ុនធឿន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិតាកែវ ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ បានឲ្យដឹងថា កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះមានក្រុម មន្រ្តីនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលស្លៀកពាក់ឯកសណ្ឋានស៊ីវិលចំនួន ៤នាក់ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម បានធាក់ទ្វាចូលផ្ទះរបស់គាត់ ហើយបានធ្វើសកម្មភាពភ្ជង់គាត់ ហើយពួកគេបានចូលរើកកាយ យកលុយគាត់អស់ជាង ៥០០០ដុល្លារ និងបានវាយខ្នោះគាត់បញ្ជូន ទៅកាន់ស្នងការនគបាលខេត្តភ្លាមៗតែម្ដង។
ជនរងគ្រោះបន្តថា ក្រោយពីបញ្ជូនគាត់មក ដល់ស្នងការខេត្តរួចហើយ ក្រុមមន្រ្តីនគរបាលទាំងអស់នោះ បានឲ្យក្រុមគ្រួសារគាត់យកលុយមកឲ្យគេចំនួន ២០០០ដុល្លារបន្ថែមទៀត ជាថ្នូរនិងការដោះលែងឲ្យមានសេរីភាពវិញ ហើយពួកគេក៍បានសម្លុតគាត់មិនឲ្យ បែកព័ត៌មាននេះចេញទៅក្រៅថែមមទៀតផង។
ជនរងគ្រោះបន្ថែមថា ក្រុមមន្រ្តីនគរបាលទាំង៤នាក់ខាងលើនោះ គាត់ស្គាល់ឈ្មោះចំនួន២នាក់ប៉ុណ្ណោះ ចំណែក២នាក់ទៀតមិនស្គាល់ទេ ដោយមន្រ្តី២រូបដែលលោកស្គាល់នោះ ទី១គឺឈ្មោះ ឃុត ជីង នាយរងការិយាល័យគ្រឿងញៀន និងទី២ឈ្មោះ ណៅ សុខសាតភក្ដី ហៅតឺម នាយរងផ្នែកការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
ពាក់ព័ន្ធបញ្ហានេះដែរ នាយរងផ្នែកការិយាល័យគ្រឿងញៀន នៃស្នងការនគរបាលខេត្តតាកែវ លោក ណៅ សុខសាតភក្ដី បានប្រាប់យ៉ាងខ្លីថា «លោកមិនបានដឹង ពីករណីខាងលើនេះទេ»។
ជុំវិញករណីលោក សុខ សំណាង ស្នងការនគបាលខេត្តតាកែវ បានឲ្យដឹងថា ពិតជាមានករណីនេះកើតឡើងពិតប្រាកដមែន ដែលករណីនេះគឺជា ការចុះទៅបង្រ្កាបគ្រឿងញៀន ដោយជនសង្ស័យត្រូវបានតាមដាន ជាយូណាស់មកហើយ ក៍ប៉ុន្តែមិនចុះទៅចាប់គ្រឿងញៀន បែជាទៅចាប់ជំរិតគេយកលុយទៅវិញ ៕