ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចូលរួមជាអធិបតីភាព ពិធីប្រគល់សម្ភារៈជានិមិត្តរូប ដែលជាជំនួយរបស់ក្រសួងអេកូឡូស៊ី និងបរិស្ថាននៃប្រទេសចិនតាមរយៈក្រុមហ៊ុន Spark Co., Ltd នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន។
តាមរយៈអនុស្សរណៈកាត់បន្ថយកាបូន ក្រសួងអេកូឡូស៊ីនិងបរិស្ថាន តាមរយៈក្រុមហ៊ុន Spark Co., Ltd, បានផ្តល់ឱ្យក្រសួងបរិស្ថានកម្ពុជា នូវសម្ភារមួយចំនួន រួមមាន អំពូលបំភ្លឺផ្លូវចំនួន ២៨០០ដើម សូឡាPV ចំនួន២០០គ្រឿង ម៉ូតូអាគុយចំនួន២០០គ្រឿង និងឧបករណ៍សម្រាប់មន្ទីរពិសោធន៍ ត្រួតពិនិត្យគុណភាពខ្យល់ចំនួន២០សម្រាប់ សរុបជាទឹកប្រាក់ប្រមាណ ៣លានដុល្លាសហរដ្ឋអាមេរិក។
ជំនួយជាសម្ភារៈនិងបរិក្ខា កាត់បន្ថយការបញ្ចេញកាបូនខាងលើនេះ បានផ្តល់ជូនមកប្រទេសកម្ពុជា តាមរយៈអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការគម្រោងសាកល្បង បញ្ចេញកាបូនតិចនៅខេត្តព្រះសីហនុ ដែលបានចុះហត្ថលេខាកាលពីឆ្នាំកន្លងទៅ រវាងក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអេកូឡូស៊ី និងបរិស្ថាននៃសាធារណរដ្ឋប្រជាមានិតចិន។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រសួងបរិស្ថានសូមលើកទឹកចិត្ត ដល់តួអង្គពាក់ព័ន្ធទាំងអស់ សូមចូលរួមសកម្មភាពលើកកម្ពស់ ការយល់ដឹងអំពីបរិស្ថាន ពង្រឹងសមត្ថភាពបង្ការ ទប់ស្កាត់ និងចាត់វិធានការកាត់បន្ថយការ ប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជា ដើម្បីនិរន្តរភាពទីក្រុងស្អាត មានមេត្រីភាពបរិស្ថាន ទីក្រុងបៃតង ដើម្បីភាពសុខុដុមរមនាបរិស្ថាន និងការស់នៅដោយចីរភាព។
លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា ជំនួយជាសម្ភារៈទាំងនេះគឺជា ការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ហើយនឹងជួយប្រទេសកម្ពុជា លើផ្នែកវិស័យបរិស្ថាន។
ជាការឆ្លើយតប លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះក្រសួងអេកូឡូស៊ី និងបរិស្ថាននៃប្រទេសចិន ដែលបានផ្តល់ជំនួយសម្ភារៈនេះ។ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្ភារៈបំភ្លឺខាងលើនឹងត្រូវដាក់ឱ្យប្រើ នៅតាមទីសាធារណៈក្នុងខេត្តព្រះសីហនុ ជាពិសេសនៅបំភ្លឺនៅតាមសាលារៀននានា ក្នុងខេត្តព្រះសីហនុ ហើយក៏ដើម្បីអនុញ្ញាតឱ្យសិស្សានុសិស្សបាន សិក្សាពីសម្ភារៈប្រើប្រាស់ថាមពលព្រះអាទិត្យ ក៏ដូចជាជួយបំភ្លឺកន្លែងហាត់កីឡានានា។ លោកថា គោលដៅសំខាន់គឺធ្វើឱ្យឪពុកម្តាយសិស្ស វិលត្រឡប់មកសាលារៀនដើម្បីហាត់កីឡា និងមានឱកាសអាចជជែក ពិភាក្សាជាមួយលោកគ្រូអ្នកគ្រូ។
លោករដ្ឋមន្ត្រីបន្តថា ម៉ូតូអាគុយនិងឧបករណ៍ សម្រាប់ត្រួតពិនិត្យគុណភាពខ្យល់ត្រូវបាន យកមកប្រើប្រាស់នៅទីស្តីការក្រសួងបរិស្ថាន នៅមន្ទីពិសោធន៍ និងតាមទីតាំងត្រួតពិនិត្យ តាមដានរបស់ក្រសួងបរិស្ថាន។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៥ ដល់ ២០២០ ក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងជាមួយស្ថាប័នសំខាន់ៗ នៃសារធារណៈរដ្ឋប្រជាមានិតចិន ចំនួន៨ គ្រប់ដណ្តប់លើ (១) កិច្ចសហប្រតិបត្តិការគាំពារបរិស្ថានកម្ពុជា-ចិន (២) ការបង្កើតការិយាល័យរៀបចំមជ្ឈមណ្ឌល កិច្ចសហប្រតិបត្តិការបរិស្ថានកម្ពុជា-ចិន (៣) ការផ្ដល់ជំនួយឧបករណ៍ប្រព្រឹត្តកម្មទឹកកខ្វក់ (៤) កិច្ចសហប្រតិបត្តិការសាកល្បង ក្នុងការអភិរក្សជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី (៥) ការរៀបចំមន្ទីរពិសោធន៍សហប្រតិបត្ដិការ កម្ពុជា-ចិន (៦) ការរៀបចំតំបន់បញ្ចេញកាបូនតិច និង (៧) ការផ្ដល់ជំនួយស្ថានីយតាមដាន គុណទឹកស្វ័យប្រវត្តិ ជាដើម ៕