ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ថ្ងៃទី២៣-២៥ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ ក្នុងកម្រិតខ្សោយទៅបង្គួរ នៅតាមតំបន់មួយចំនួន ។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក នៅថ្ងៃទី២២ ធ្នូនេះ បានឲ្យដឹងថា នៅថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០២០ ភាគខាងជើងនៃកម្ពុជា ទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ និងភាគខាងត្បូងនៃកម្ពុជា ទទួលឥទ្ធិពលសម្ពាធទាបសកម្មក្រវាញ លើកទី២៣។ ដោយឡែក ថ្ងៃទី២៤-២៩ ខែធ្នូ កម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានមធ្យម ។
ស្ថានភាពបែបនេះធ្វើឲ្យ បណ្តាខេត្តនៅតំបន់រាលទំនាបកណ្តាល នៅថ្ងៃទី២៣-២៥ ខែធ្នូ នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតខ្សោយទៅបង្គួរ ។ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន នៅថ្ងៃទី២៣-២៥ ខែធ្នូ អាចមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម ។ សីតុណ្ហភាពអប្បបរមា មានពី១៧-២០ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៤-២៧អង្សាសេ។ ដោយឡែកតំបន់មាត់សមុទ្រ នៅថ្ងៃទី២៣-២៤ ខែធ្នូ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅបង្គួរ និងនៅផ្ទៃសមុទ្រអាចនឹង មានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ៕