ភ្នំពេញ៖ ចៅអធិការវត្តចេតិយថ្មី ស្ថិតក្នុងភូមិចេតិយថ្មី ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានឃាតកមិនស្គាល់អត្តសញ្ញាណ យកខ្សែរឹតកសម្លាប់ក្នុងកុដិ បណ្ដាលឲ្យសុគតយ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីម៉ោង ៨ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ។
ព្រះសង្ឃរងគ្រោះព្រះនាម ភោគ ធារិទ្ធ (ហៅតាតឿ តាតុប) មានព្រះជន្ម៥៣វស្សា ជាចៅអធិការវត្តចេតិយថ្មី ស្ថិតក្នុងភូមិចេតិយថ្មី ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។ ដោយឡែកវត្ថុតាងចាប់យក៖ ខ្សែនីឡុងពណ៌ស ទំហំ ០,៥ មិល្លីម៉ែត្រ មានប្រវែង ៣០សង់ទីម៉ែត្រ។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃ/ខែ/ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ មានលោកយាយម្នាក់ឈ្មោះ ប៉ិច សារឿន ហៅយាយប៉ុក អាយុ៦៧ឆ្នាំ រស់នៅក្នុងវត្ត បានទៅនិមន្តព្រះសង្ឃរងគ្រោះ ពីក្នុងកុដិឱ្យទៅឆាន់ចង្ហាន់ពេលព្រឹក។ ពេលគាត់ទៅដល់មុខកុដិ បានស្រែកហៅព្រះសង្ឃ ព្រះចៅអធិការ ប៉ុន្តែមិនឮសំឡេងឆ្លើយក៏ត្រឡប់មកវិញ។ លុះមួយសន្ទុះ ក្រោយមកក៏មាន លោកយាយម្នាក់ទៀតឈ្មោះ ធ្លក យន អាយុ៧០ឆ្នាំ បានទៅហៅព្រះសង្ឃអង្គដដែល ហើយដោយមិនឆ្លើយ និងមានការងឿងឆ្ងល់ ក៏រុញទ្វារចូលក្នុងកុដិស្រាប់តែឃើញ ព្រះអង្គចៅអធិការវត្តសុគតនៅលើគ្រែ និងមានភួយពណ៌លឿងគ្របពីលើព្រះកេស ហើយក៏បានផ្អើលឆោឡោដល់ លោកយាយលោកតាក្នុងវត្ត និងហៅពុទ្ធបរិស័ទឱ្យមកមើល រួចរាយការណ៍ជូននគរបាលប៉ុស្តិ៍វិហារហ្លួង និងនគរបាលស្រុក ដើម្បីធ្វើការពិនិត្យ។
ក្រោយពីនគរបាលទទួលបានព័ត៌មាន ភ្លាមក៏ចុះមកធ្វើការពិនិត្យឃើញថា សាកសពនៅលើគ្រែបែរព្រះកេសទៅត្បូង ជើងស្តាំម្ខាងគងលើខ្នើយ ជើងឆ្វេងសំយុងចុះក្រោម លើផ្ទៃមុខមានស្នាមប្រឡាក់ឈាម និងលៀនអណ្តាតចេញក្រៅ មានខ្សែនីឡុងពណ៌ស រិតនៅជុំវិញកសាកសព និងមានស្នាមរលាត់នៅផ្នែកទ្រូងខាងស្តាំនិង ស្នាមរលាត់សើស្បែកលើកញ្ចឹងក។
តាមការសន្និដ្ឋានពីសមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារឃាតកយកខ្សែរឹតក បណ្តាលអោយថប់ដង្ហើមស្លាប់។ ចំពោះករណីខាងលើកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងធ្វើការស៊ើបអង្កេតបន្តតាមនីតិវិធី៕