ភ្នំពេញ៖ លោកតាអាយុ ៨៦ឆ្នាំម្នាក់ ត្រូវបាននគរបាលស្រុកកណ្ដាលស្ទឹងឃាត់ខ្លួន ករណីហិង្សារដោយចេតនា ក្រោយពីលោកតាសង្ស័យរូបនេះ បានយកកាំបិតផ្គាក់កាប់ទៅលើប្តីប្រពន្ធ ២នាក់ បណ្ដាលឲ្យរបួសយ៉ាងដំណំ កាលពីម៉ោង ៣៖៣០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្ទឹង ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះ២នាក់ ទី១.ឈ្មោះ សាន់ សុខា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរលក់ដូរ និងទី២.ឈ្មោះ ស្រ៊ុន លាវ ភេទស្រី អាយុ៤៩ឆ្នាំ។ ជនរងគ្រោះទាំង២នាក់ មានទីលំនៅភូមិរុន ឃុំរការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។ ចំណែកជនសង្ស័យ ឈ្មោះ ស៊ឹង ប៉ឹង ភេទប្រុស អាយុ៨៦ឆ្នាំ មានទីលំនៅភូមិរុន ឃុំរការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។ ដោយឡែកវត្ថុតាងចាប់យក៖ កង់មួយគ្រឿងនិងកំបិតផ្គាគ់ ផ្លែដែកដងឬស្សី ប្រវែង៩០សង់ទីម៉ែត្រ។
ប្រភពដដែលបន្តថា កន្លងមក ជនសង្ស័យនិងជនរងគ្រោះធ្លាប់ មានជម្លោះទាស់ពាក្យសំដីគ្នារឿងព្រំដី រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ជនសង្ស័យបានយកកំបិតផ្គាក់ កាប់មែកឈើរបស់ជនរងគ្រោះ ដែលទោចូលដីរបស់ខ្លួនក៏មាន ការជេរដៀមដាមគ្នារហូតមកដល់ថ្ងៃទី១៧ ខែឆ្នូ ឆ្នាំ២០២០ជនសង្ស័យ បានជិះកង់ដាក់កាំបិតផ្គាក់ចងពីក្រោយ ទៅចាំស្ទាក់ផ្លូវជនរងគ្រោះមុន រហូតដល់ម៉ោងប្រមាណ៣ ជនសង្ស័យបានឃើញជនរងគ្រោះទាំង ២នាក់ជិះម៉ូតូឌុបគ្នា ក៏ស្ទុះមកកាប់ជនរងគ្រោះទាំង២នាក់ បណ្ដាលឲ្យរបួសយ៉ាងដំណំ។ ចំណែកឯជនសង្ស័យ បន្ទាប់ពីកាប់ជនរងគ្រោះរួច ក៏បានជិះកង់របស់ខ្លួនត្រឡប់មកផ្ទះវិញ។
ក្រោយទទួលបានព័ត៌មាន ខាងលើភ្លាមៗនោះកម្លាំង សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរលាំងកែន បានឃាត់ខ្លួនជនសង្ស័យបានរួចបញ្ជូន មកកាន់អធិការដ្ឋានដើម្បីបន្តនីតិវិធី ៕