ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាសហប្រធានជាមួយលោក ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំកិច្ចប្រជុំ គណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៨ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១៨ ធ្នូនេះ បានឲ្យដឹងថា កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៨ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេចបានស្របតាម កំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៧ កាលពីឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ព្រមទាំងរិះរកវិធី និងមធ្យោបាយនានាដើម្បីពង្រឹងប្រសិទ្ធភាព និងពង្រីកបន្ថែមទៀតនូវវិសាលភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរនៅលើគ្រប់វិស័យ។
អំឡុងពេលនៃជំងឺរាតត្បាតសកលកូវីដ-១៩នេះ ការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៨ តាមប្រព័ន្ធវីដេអូ បញ្ជាក់ច្បាស់អំពីការប្តេជ្ញាចិត្ត យ៉ាងមោះមុតរបស់ភាគីទាំងពីរ ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីថែរក្សាមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងស្ថិរភាពយូរអង្វែង រួមទាំងជំរុញភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ៕