ភ្នំពេញ៖ ដោយមើលឃើញពី ផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើក្រុមមនុស្សងាយរងគ្រោះជាច្រើន នៃសង្គមកម្ពុជា ដែលរួមមានទាំងកម្មកររោងចក្រផងដែរនោះ ចក្រភពអង់គ្លេស បានប្រកាសមិនព្យួរប្រព័ន្ធអនុគ្រោះ ពន្ធលើគ្រប់មុខទំនិញទាំងអស់ លើកលែងតែសព្វាវុធ (EBA) មកលើកម្ពុជាទៀតទេ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ លើគ្រប់មុខទំនិញទាំងអស់ របស់ចក្រភពអង់គ្លេស និងអៀឡង់ខាងជើង ដល់ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧ ធ្នូបានឲ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារ ជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសខ្មែរ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ លោកស្រី Tina Redshaw ឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាព នៃចក្រភពអង់គ្លេស និងអៀឡង់ខាងជើង បានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ តទៅ ចក្រភពអង់គ្លេសនឹងអនុវត្តនូវ គោលនយោបាយពាណិជ្ជកម្មឯករាជ្យ។
លោកស្រីបញ្ជាក់ថា «រដ្ឋមន្ត្រីទាំងអស់របស់អង់គ្លេស បានសម្រេចថា នឹងមិនបន្តអនុវត្តការព្យួរមួយផ្នែក នៃប្រពន្ធ័អនុគ្រោះពន្ធរបស់ សហភាពអឺរ៉ុបក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធ លើគ្រប់មុខទំនិញទាំងអស់ លើកលែងតែសព្វាវុធ មកលើកម្ពុជាទៀតទេ ដោយហេតុថា ចក្រភពអង់គ្លេសបានមើលឃើញ ពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើក្រុមមនុស្សងាយ រងគ្រោះជាច្រើននៃសង្គមកម្ពុជា ដែលក្នុងនោះរួមមានទាំង កម្មកររោងចក្រផងដែរ»។ លោកស្រីបន្តថា ចក្រភពអង់គ្លេសកំពុងរិះរកវិធី ដើម្បីបង្កើតកិច្ចសន្ទនាទៀងទាត់ ជាមួយអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា លើបញ្ហាផ្សេងៗពាក់ព័ន្ធ និងវិស័យសិទ្ធិមនុស្ស និងសេរីភាព ផ្សេងៗទៀត។
ជាមួយគ្នានោះឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះការសំរេចចិត្តរបស់ចក្រភពអង់គ្លេសនេះ ដោយបានចាត់ទុកការសំរេចចិត្តនេះថា ជាការជំរុញ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ហើយថា ការសំរេចចិត្តនេះគឺពិតជាដំណឹងល្អ សំរាប់កម្មករកម្ពុជានៅពេលដែល ពួកគេកំពុងទទួលរងផលប៉ះពាល់ ពីមហន្តរាយនៃជំងឺកូវីដ-១៩។
លោកឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា កម្ពុជាបេ្តជ្ញាយ៉ាងមុតមាំក្នុងការកសាង ទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមកជាមួយចក្រភពអង់គ្លេស ទាំងលើវិស័យទ្វេភាគី និងពហុភាគី ៕