ដក​តំណែង បន្ថយស័ក្ដិ និង​ដាក់​ពិន័យ ​នគរបាល​ ៣​នាក់ ដែលផឹកស្រាស្រវឹង ដកកាំភ្លើងបាញ់បោះសេរី

0

ភ្នំពេញ៖ មន្ត្រី​នគរបាល​ចំនួន ​៣​រូប នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវ​ដក​តំណែង បន្ថយស័ក្ដិ និង​ពិន័យ​រដ្ឋបាល​ ក្រោយ​ពួកគេ​ផឹកស៊ី​ស្រវឹង ដក​កាំភ្លើងខ្លី បាញ់បោះយ៉ាងសេរី​ចំនួន ​២​គ្រាប់ ទុកជា​ការ​កម្សាន្ត​អារម្មណ៍ ។ ករណី​​នេះ កើតឡើង​ម៉ោង​ ៦​ល្ងាច ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២០ ស្ថ​តិ​នៅ​ក្នុងភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

បើតាមលោក​ឧត្ដមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ធ្នូ​ថា លោក​បាន​បញ្ជា​ឲ្យ​ដក​តួនាទី បន្ថយ​សក្ដិ និង​ពិន័យ​រដ្ឋបាល​ដល់ ចំពោះ​មន្ត្រី​នគរបាល​ទាំង​៣​រូប ពាក់ព័ន្ធ​ករណី​ផ្ទុះអាវុធ​២​គ្រាប់ ក្នុង​នោះ​មន្ត្រី​គ​របាល​ដៃដល់ (​អ្នក​កាន់​កាំភ្លើងខ្លី បាញ់​ចំនួន​២​គ្រាប់​) មានឈ្មោះ ឈឹ​ម អឿ​ត ដែល​មាន​តួនាទី​ជា​នាយ​ផ្នែក នៃ​ការិយាល័យ​សរុប​វិភាគ ត្រូវ​បាន​ដក​តួនាទី និង​បន្ថយស័ក្តិ ពី​ថ្នាក់​វរសេនីយ៍ត្រី មក​ត្រឹម​អនុសេនីយ៍ទោ និង​មន្ត្រី​នគរបាល​ឈ្មោះ សៀ​ក ប៊ុ​ន​សៀង បន្ថយស័ក្តិ​២ មក​ត្រឹម ព្រឹន្ទបាលឯក ចំណែក​មន្ត្រី​នគរបាល​ឈ្មោះ ឧត្តម ឆ​រ័​ត្ន ដែល​បាន​ចូលរួម​ផឹកស៊ី និង​បាន​ដក​កាំភ្លើង​ពី​ខ្មាន់កាំភ្លើង ត្រូវ​បាន​ដាក់​ពិន័យ​រដ្ឋបាល ដក​បញ្ឈរជើង​ ៣​ខែ​ពី​ការងារ ។

លោក​ឧត្ដមសេនីយ៍ទោ បាន​បញ្ជាក់​ថា មន្ត្រី​នគរបាល​ឈ្មោះ ឧត្តម ឆ​រ័​ត្ន រូប​នេះ​មាន​ឆន្ទៈ ក្នុង​ការ​ដក​អាវុធ​ពី​ខ្មាន់កាំភ្លើង​ជា​មន្ត្រី​គ​របាល ប៉ុន្តែ​ក្នុង​នាម​ជា​កងកម្លាំង ដែល​ស្ថិត​ក្នុង​ហេតុការណ៍​នោះ ដោយ​មិន​ឲ្យ​រួចខ្លួន​ឡើយ ក៏​ត្រូវ​បាន​រង​នូវ​ការ​ពិន័យ​៣​ខែ ដើម្បី​ព្រមាន​ដល់​មន្ត្រី​នគរបាល​ដទៃ​ទៀត កុំ​ឲ្យ​ប្រព្រឹត្ត​ខុស​តទៅ​ទៀត ។

អ្នក​ឃើញ​ហេតុការណ៍ បាន​រៀបរាប់ឲ្យ​ដឹង​ថា ខ្មាន់កាំភ្លើង បាន​កាន់​កាំភ្លើងខ្លី​ពណ៌​ខ្មៅ (​មិន​ស្គាល់​ម៉ាក​) បាញ់​ពីរ​គ្រាប់ គឺ​បាញ់​មួយ​គ្រាប់​នៅ​ខាង​មុខ​ផ្ទះ និង​គ្រាប់​ទៀត បាញ់​ក្បែរ​តុ​ផឹកស៊ី ។ ក្រោយ​ពេល​កើតហេតុ ក្រុម​អ្នក​ផឹកស៊ី​នោះ បាន​បិទទ្វារ​ផ្ទះ ហើយ​ចេញ​ទៅ​ក្រៅ​បាត់​អស់ ហើយ​កម្លាំង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​អូរ​អំបិល ដឹកនាំ​ដោយ​លោក វ​ទ្ធី ក៏​បាន​ចុះ​ទៅ​ដល់ទី​តាំង​ផ្ទុះអាវុធ​នេះ​ផង​ដែរ ។ ករណី​នេះ មិនមែន​ផ្តើម​ឡើង​ពី​ជម្លោះ​ក្នុង​វង់​ផឹកស៊ី​នោះ​ទេ គឺ​ផឹក​ស្រវឹង​ស្រឺ​ង​ៗ បាញ់​ដើម្បី​កំសាន្ត​អារម្មណ៍​តែ​ប៉ុណ្ណោះ ៕