លួចបានគ្រាន់ គេទាន់ក្រែល! អ្នករើសអេតចាយ ក្លាយជាចោរលួចទូរស័ព្ទ ខណៈម្ចាស់សាកថ្មទុកនៅមុខផ្ទះ

0

ភ្នំពេញ៖ បុរសអ្នកដើររើសអេតចាយម្នាក់ បានក្លាយជាជនសង្ស័យលួចដៃទូរស័ព្ទដៃ ខណៈម្ចាស់សាកថ្មទុកនៅមុខផ្ទះ តែអកុសលត្រូវកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនបានភ្លាមៗ យកទៅសួរនាំដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ។

ការឃាត់ខ្លួននេះធ្វើឡើង ក្រោយពីទទួលបានពាក្យបណ្ដឹង ពីជនរងគ្រោះភ្លាម លោក នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ស៊យ ខ្មៅ ភេទប្រុស អាយុ២៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យខាងលើនេះត្រូវបានឃាត់ខ្លួន កាលពីម៉ោង ៩៖១៣នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ទូរស័ព្ទដៃម៉ាក OPPO ចំនួន ២គ្រឿង និងកាំបិតប្រវែង ៣៩សង់ទីម៉ែត្រ១ដើម។

លោក នួន នីណារ៉ូ បានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេតែងតែធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិ របស់អ្នកដទៃជាញឹកញាប់ ដោយធ្វើសកម្មភាពដើររើសអេតចាយ ហើយបានដាក់កាំបិតដើម្បីទុកការពារខ្លួន លុះអូសរទេះមកដល់ចំណុចដីស ភូមិសាមគ្គីមានជ័យត្រង់ចំណុចផ្ទះដើមបណ្ដឹងនោះ ខ្លួនបានឃើញទូរស័ព្ទចំនួន ២គ្រឿងដែលកំពុងសាកថ្ម ហើយម្ចាស់ដេកលក់ ក៏ចូលទៅលួចយក តែត្រូវម្ចាស់ភ្ញាក់ទាន់ហើយស្រែកឆោឡោ ប្ដឹងទៅសមត្ថកិច្ចឱ្យចាប់ខ្លួនតែម្ដង។

ជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូន ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី។ ចំណែកទូរស័ព្ទដៃចំនួន ២គ្រឿងនោះត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញ ៕