វ៉ៃខ្នោះបុរស ៣នាក់ ក្រោយបំផ្លាញទ្រព្យសម្បត្តិ និងវាយមេភូមិតាក្ដុលត្បូង ក្រុងតាខ្មៅ គ្រាន់តែរឿងចតឡានតាមផ្លូវ

0

ភ្នំពេញ៖ ពលរដ្ឋ ២នាក់ ក្នុងនោះម្នាក់ជាមេភូមិ ត្រូវបានមនុស្ស ៤នាក់ ព្រួតវាឲ្យរបួស និងវាយបំផ្លាញទ្រព្យសម្បត្តិ ដោយសារតែទំនាស់រឿងចតឡាននៅមុខផ្ទះ កាលពីម៉ោង ៨យប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះជនរងគ្រោះឈ្មោះ សំ សែន ភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ក្រោយកើយហេតុ កម្លាំងនគរបាលតាមឃាត់ជនសង្ស័យបាន ៣នាក់ ខណៈម្នាក់ទៀតរត់គេចខ្លួន រួចបញ្ជូនទៅកាន់តុលាការ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដើម្បីចាត់ការបន្ត។

ជនរងគ្រោះទាំង ២នាក់រួមមាន៖ ១.ឈ្មោះ សំ សែន ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ។ ខូចខាតសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួន, ២.ឈ្មោះ រី សារ៉េត ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរជា «មេភូមិតាក្តុលត្បូង» រងរបួសស្នាមបែកចុងចិញ្ចើមខាងស្តាំ និងរយះកដៃខាងឆ្វេង។

ចំណែកជនសង្ស័យ ៤នាក់រួមមាន៖ ១.ឈ្មោះ ឆិល ចាន់ធឿន អាយុ៣៣ឆ្នាំទីលំនៅ ភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុន (ឃាត់ខ្លួន), ២.ឈ្មោះ ឆិល មករា អាយុ៣៥ឆ្នាំ ទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុន (ឃាត់ខ្លួន), ៣.ឈ្មោះ សំ ចាន់ធី អាយុ៣៤ឆ្នាំ ទីលំនៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបើកបររថយន្ត (ឃាត់ខ្លួន), ៤.ឈ្មោះ ឆិល ចាន់ថុល អាយុ៣៧ឆ្នាំ ទីលំនៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ (គេចខ្លួន)។ វត្ថុតាងដែលសមត្ថកិច្ចចាប់យករួមមាន៖ ដុំថ្មចំនួន ៦ដុំ, កាំបិតប៉័ងតោដងជ័រចំនួន១ប្រវែង ៣០សង់ទីម៉ែត្រ, អំបែងចានមួយចំនួន និងបំពង់ទឹកក្តៅពណ៌ក្រហមចំនួន១។

បើតាមមន្រ្តីនគរបាល ដំបូងជនរងគ្រោះឈ្មោះ សំ សែន បានចតរថយន្តរបស់ខ្លួន នៅតាមផ្លូវមុខផ្ទះរបស់ខ្លួន លុះដល់វេលាកើតហេតុ ស្រាប់តែជនសង្ស័យឈ្មោះ ឆិល ចាន់ធឿន បានបើករថយន្តចេញ ពីផ្ទះម្តាយរបស់ខ្លួន ដែលនៅផ្ទះក្បែរគ្នា មកដល់មុខផ្ទះជនរងគ្រោះបើក ចេញមិនរួចព្រោះផ្លូវចង្អៀត ដោយទើសរថយន្តរបស់ជនរងគ្រោះ។ ភ្លាមនោះជនរងគ្រោះ បានចេញពីផ្ទះមកជួយសារ៉េសម្រួល ស្រាប់តែជនសង្ស័យឈ្មោះ ឆិល ចាន់ធឿន បាននិយាយថា «ចតឡានពេញផ្លូវ»។ ពេលនោះជនរងគ្រោះប្រាប់ថា «សុំចតតែពីរថ្ងៃទេ ដោយសម័យកូវីដមិនហ៊ានទុកឡាននៅ ការ៉ាស់ទេ»។ ហើយក៏មានទំនាស់ ពាក្យសំដីគ្នាទៅវិញទៅមក។

ពេលនោះជនរងគ្រោះឈ្មោះ រី សារ៉េត ដែលជាមេភូមិនៅផ្ទះជាប់គ្នា ក៏ចេញមកឃាត់កុំឱ្យឈ្លោះគ្នា ស្រាប់តែជនសង្ស័យនិយាយថា «មិនមែនរឿងរបស់អ្ហែងទេកុំមកចេះ»។ ដោយខ្លាចមានរឿង ជនរងគ្រោះឈ្មោះ សំ សែន បានដឹកដៃជនរងគ្រោះឈ្មោះ រី សារ៉េត ឱ្យចូលទៅក្នុងផ្ទះរបស់ខ្លួន ស្រាប់តែក្រុមជនសង្ស័យ បាននាំគ្នាចូលទៅវាយបំផ្លាញទ្រព្យសម្បត្តិ នៅក្នុងផ្ទះបណ្តាលឱ្យខូចខាត និងយកដុំថ្មគប់បណ្តាលឱ្យ ជនរងគ្រោះឈ្មោះ រី សារ៉េត រងរបួសបែកចុងចិញ្ចើមខាងស្តាំ និងរយះកដៃខាងឆ្វេង ហើយក្រុមជនសង្ស័យគេចខ្លួនបាត់អស់។

ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងនគរនបាលប៉ុស្តិ៍ បានសហការជាមួយកម្លាំងនគរបាលជំនាញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន៣នាក់ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ រួចបញ្ជូនមកកាន់អធិការដ្ឋាន នគរបាលក្រុងតាខ្មៅ ចាត់ការតាមនីតិវិធី។ ជុំវិញករណីខាងលើនេះជនរងគ្រោះឈ្មោះ រី សារ៉េត ជាមេភូមិតាក្តុលត្បូង បានបញ្ជាក់ថា «លោកមិនសម្របសម្រួលដោះស្រាយ ក្រៅប្រព័ន្ធច្បាប់នោះទេ គឺត្រូវបញ្ជូនទៅដោះស្រាយនៅតុលាការ» ៕