ភ្នំពេញ ៖ ដើមកញ្ឆាចំនួន១ ៤២៦ដើម ដែលក្រុមជនល្មើស លបលួចដាំនៅក្នុងភូមិសាស្ត្រ ព្រៃភ្នំ ក្នុងស្រុកវាលវែង ត្រូវបានកម្លាំងសមត្ថកិច្ច ចម្រុះបង្ក្រាបដកកាប់ និងដុតកម្ទេចចោលនៅនឹងកន្លែង ។ កិច្ចប្រតិបត្តិការបង្រ្កាប ដកកាប់និងដុតបំផ្លាញចោលដើមកញ្ឆា រាប់ពានដើមនេះ ធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នៅចំណុចឃ្លាំងជីមួយកន្លែងដែលស្ថិតក្នុងសំណាញ់ ឃុំក្រពើ២ ក្នុងស្រុកវាលវែង ខេត្តពោធិសាត់ ។
អធិការនគរបាល ស្រុកវាលវែង លោកវរសេនីយ៍ឯក ធាងឡេង បានអោយដឹងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ មុនឈានដល់ការបង្ក្រាប កម្លាំងរបស់លោកបានស្រាវជ្រាវ រកទីតាំងជាយូរទើបជួបប្រទះ ហើយក៏បានរៀបចំផែនការ ចុះធ្វើការបង្ក្រាប នៅចំណុចខាងលើ ដែលសម្បូរទៅដោយព្រៃភ្នំ ហើយមានស្ថានភាពលំបាក ក្នុងការធ្វើដំណើរឆ្លងកាត់ ព្រៃភ្នំឆ្លង អូដែលធ្វើអោយពួកមុខសញ្ញាជនល្មើស រត់គេចខ្លួនបាត់ ។
អធិការនគរបាលស្រុកវាលវែង បានឲ្យដឹងទៀតថា នៅក្នុងកិច្ចប្រតិបត្តិការ ខាងលើនេះ សមត្ថកិច្ចបានដកនិងដុតកម្ទេចចោល ដើមកញ្ឆាទាំង ១៤២៦ដើមនៅនឹងកន្លែងតែម្តង ។
លោកបន្តថា នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចដកហូតបានវត្ថុតាង រួមមានជញ្ជីងថ្លឹងកិច្ចការចំនួន ១គ្រឿង ជី.សចំនួន១ការ៉ុង ទម្ងន់៣០គីឡូក្រាម ។
បច្ចុប្បន្ននេះសមត្ថកិច្ច កំពុងតែធ្វើការស្រាវជ្រាវ ស្វែងរកមុខសញ្ញា ជនសង្ស័យ ពាក់ព័ន្ធនឹងករណី ដាំដើមកញ្ឆា ខាងលើនេះ ដើម្បីចាត់ការតាមនីតិវិធីផងដែរ ៕

