ភ្នំពេញ ៖ ក្មេងស្រី២នាក់បានលង់ទឹកស្លាប់ ខណៈនាំគ្នាទៅរាវខ្យង នៅចំណុចប្រឡាយព្រែកធំ ខាងក្រោយផ្ទះ ស្ថិតនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៩និង៤០នាទី ។
ជនរងគ្រោះឈ្មោះ សុខឃី ធីតា អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរនសិស្ស និងឈ្មោះ ភី សុខលាង អាយុ៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ។ ជនរងគ្រោះទាំង២នាក់ រស់នៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
តាមការបំភ្លឺរបស់ឪពុក ម្តាយ ជនរងគ្រោះទាំង២ បានឲ្យដឹងថានៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៥.១០នាទី ក្មេងស្រីទាំង២នាក់បានបបួលគ្នាទៅរាវខ្យងនៅប្រឡាយធំខាងក្រោយផ្ទះ ។ លុះដល់ម៉ោង១៩និង៣០នាទី ដោយមិនឃើញត្រឡប់មកផ្ទះវិញ មានការសង្ស័យនាំគ្នាដើររក និងចុះទៅរាវរកនៅក្នុងទឹកប្រឡាយ បានប្រទះឃើញសាកសពជនរងគ្រោះទាំង២បានលង់ទឹកស្លាប់បាត់ទៅហើយ បន្ទាប់មកបានយកសាកសពកុមាររងគ្រោះត្រឡប់មកផ្ទះ ។
បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីខាងលើភ្លាមសមត្ថកិច្ចផ្នែកពិនិត្យវិភាគកន្លែងកើតហេតុស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលខ្ពប គ្រូពេទ្យមណ្ឌលសុខភាព ក្រុមប្រឹក្សាឃុំ លោកមេភូមិ និងក្រុមគ្រួសារសពបានធ្វើការពិនិត្យលើជនរងគ្រោះឃើញថា ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ផ្សេងទៀតទេ។
ការសន្និដ្ឋាន៖ លោកគ្រូពេទ្យនិងជំនាញ ជនរងគ្រោះស្លាប់ដោយសារលង់ទឹក។ សពបានប្រគល់ជូនក្រុមគ្រួសាររបស់ជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ៕