រដ្ឋមន្ត្រីមហាផ្ទៃ អនុញ្ញាតឲ្យចេញ-ចូល បម្រើការងារឡើងវិញ ក្នុងទីស្ដីការក្រសួង ចាប់ពីថ្ងៃនេះតទៅ

0

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឲ្យ ចេញ-ចូល បម្រើការងារឡើងវិញ ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះតទៅ។

ការអនុញ្ញាតនេះ ធ្វើឡើងបន្ទាប់ពី មកទល់ពេលនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារមួយចំនួន ដែលមានការ ប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» បានបញ្ចប់ការធ្វើចត្តាឡីស័ក និងបានធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ១៩ លើកទី៣ រួចរាល់ហើយ ជាមួយនឹងលទ្ធផលអវិជ្ជមានវីរុសវីដ១៩។

យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ធ្នូនេះ បានបញ្ជាក់ថា «ក្រសួងសម្រេចអនុញ្ញាតឲ្យ ចេញ-ចូល បម្រើការងារវិញ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបម្រើការងារក្នុងបរិវេណ ទីស្តីការក្រសួងមហាផ្ទៃ ហើយដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និងបានធ្វើរោគវិនិច្ឆ័យរកវីរុសកូវដ ១៩ លើកទី៣ រួចរាល់ ដោយទទួលបានលទ្ធផលអវិជ្ជមានវិរុសកូវីដ១៩ ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ តទៅ លើកលែង តែបុគ្គល ដែលត្រូវបន្តតាមដានត្រួតពិនិត្យសុខភាពដោយក្រសួងសុខាភិបាល»។

ក្រសួងបន្ថែមថា ក្នុងការចេញ-ចូល បំពេញការងារក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ អគ្គនាយក ប្រធានអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រូវចាត់ឲ្យធ្វើការវាស់កំដៅ លាងសម្អាតដៃដោយទឹកអាល់កុលឬដែលអាល់កុល មុនចូលក្នុងអគារនីមួយៗ និងត្រូវអនុវត្ត វិធានការការពារជំងឺកូវីដ១៩ ឲ្យបានត្រឹមត្រូវ និងហ្មត់ចត់ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសការពាក់ម៉ាស ការលាងសម្អាតដៃឱ្យបានញឹកញាប់ និងការរក្សាគម្លាតសុវត្ថិភាពបុគ្គល ជាដើម។

ដោយឡែកចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបានធ្វើរោគវិនិច្ឆ័យ រកវីរុសកូវី១៩ លើកទី២ រួចរាល់ ត្រូវបន្តធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ និងហ្មត់ចត់បំផុត ស្របតាមគោល ការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ៕