ហួសចិត្ត! ខ្វះលុយទិញថ្នាំញៀនជក់ បន្លំជាសង្ឃក្លែងក្លាយ ដើរបិណ្ឌបាតតាមផ្លូវ ត្រូវសមត្ថកិច្ចវ៉ៃខ្នោះ (Video)

0

ភ្នំពេញ៖ កម្លាំងអាវុធហត្ថ សហការជាមួយខាងមន្ទីរធម្មការ និងសាសនា ឃាត់ខ្លួនបុរសម្នាក់ភ្លាមៗ ក្រោយរូបគេបន្លំខ្លួនធ្វើជាសង្ឃក្លែងក្លាយ ដើរបិណ្ឌបាតតាមផ្លូវ ដើម្បីយកលុយទៅទិញថ្នាំញៀនជក់ ។

ក្នុងប្រតិបត្តិការណ៍នេះ សមត្ថកិច្ចដកហូតបានថ្នាំញៀនពណ៌លឿងចំនួន ២គ្រាប់ ទូរស័ព្ទដៃ ១គ្រឿង និងប្រាក់ចំនួន ៤០ម៉ឺនរៀល និងស្រោមសំបុត្រអញ្ជើញចូលរួម កសាងវត្តមួយចំនួនទៀតផង។

ក្រោយឃាត់ខ្លួនសមត្ថកិច្ច ក៏បញ្ជូនមកមន្ទីរធម្មការ និងសាសនាខេត្តដើម្បីសួរនាំ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

បើតាមលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា ការដែលឃាត់ខ្លួនសង្ឃក្លែងក្លាយបាន ដោយសារតែទទួលព័ត៌មាន ពីប្រជាពលរដ្ឋបង្ហាញប្រាប់ ។ សង្ឃនោះមានឈ្មោះ យ៉ុក សុខទិ អាយុ១៩ឆ្នាំ រស់នៅភូមិស្រះខ្វៅ ឃុំបាក់ហុយ ស្រុកកំរៀង ខេត្តបាត់ដំបង។

លោកបន្តថា សង្ឃក្លែងក្លាយរូបនេះត្រូវបានប្រធានមន្ទីរធម្មការ សាសនាខេត្តបន្ទាយមានជ័យ បញ្ជូនមកធ្វើពិធីផ្សឹកនៅវត្តសមាធិផល បន្ទាប់មកកម្លាំងជំនាញបទល្មើសគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់ហើយនៅព្រឹកថ្ងៃទី១៣ ខែធ្នូនេះ។ ប្រជាពលរដ្ឋគាំទ្រចំពោះ ចំណាត់ការរបស់សមត្ថកិច្ច ដែលបានបង្ក្រាបក្រុមជនខិលខូច ដែលសង្គមស្អប់ខ្ពើម ទាំងនេះបានទាន់ពេលវេលា ៕