ភ្នំពេញ៖ បុរសពីរនាក់បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាយ៉ាងលឿន គេចពីគេដេញវៃ ហើយក៏ជ្រុលទៅបុករថយន្តព្រូស កំពុងបត់ឆ្លងផ្លូវចំពីចំហៀងពេញទំហឹង កាលពីម៉ោង ១០ ៖១០នាទីយប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវ១៨៣ ក្នុងសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
បើតាមសម្ដីមិត្តភក្តិជនរងគ្រោះ បានរៀបរាប់ថា មុនពេលកើតហេតុពួកគេ ជិះម៉ូតូពីរគ្រឿងមានគ្នាបីនាក់ ដោយជនរងគ្រោះពីរនាក់ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GM-1507 ធ្វើដំណើរតាមផ្លូវម៉ៅសេទុង ខណៈនោះក៏ជនមិនស្គាល់មុខជាច្រើននាក់ ជិះម៉ូតូដេញវ៉ៃពួកគេ ធ្វើឲ្យពួកគេខ្លាចវ៉ៃប្លន់យកម៉ូតូ ក៏នាំគ្នាជិះគេចយ៉ាងលឿន ហើយជ្រុលទៅបុករថយន្តម៉ាក Toyota Prius ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2AV-0624 ដែលធ្វើដំណើរបញ្ច្រាស់គ្នាហើយឆ្លងផ្លូវ ចំពីចហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យបុរសពីរនាក់រងរបួសធ្ងន់ ចំណែកម៉ូតូបានបាក់កាំ និងកម៉ូតូ រីឯរថយន្តបានបែកកង់មុខនិងកញ្ចក់ ខូចខាតយ៉ាងដំណំផងដែរ ។
ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះទាំងពីរនាក់ខាងលើ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីពេទ្យឯកជន ដឹកយកទៅដើម្បីសង្គ្រោះជីវិត ។ ដោយឡែកវត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមក្រោយ ៕