ភ្នំពេញ៖ លោកយាយវ័យ៦៩ឆ្នាំម្នាក់ បានចង.កសម្លាប់ខ្លួននៅនឹងដើមឈើ ដោយបន្សល់ទុកនូវលិខិត ១ច្បាប់ ដែលគាត់សរសេរដោយផ្ទាល់ដៃ មិនមែនជាបណ្តាំមរតកទេ គឺមានខ្លឹមសារថា « យាយផានថោកទាប ។ អូសយាយកាប់ទុក គ្មានមីណាយកដុត អាណាយកដុតឲ្យវារលាយ ។ មីរលាយ? វាជះទឹកដាក់)ម្តាយ? អារលាយធ្វើបាបអញ» ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង ៧ព្រឹក ថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២០ នៅចំណុចដីរបស់ឈ្មោះ តាំង សៀកឃាង ភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីនគរបាល ក្រុងសិរីសោភ័ណបានឲ្យដឹងថា លោកយាយដែលធ្វើអត្តឃាតខ្លួនឯងដោយចង.កនេះឈ្មោះ ទន់ ផាន់ អាយុ៦៩ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នជាមួយកូនស្រីឈ្មោះ ទី សោភ័ណ អាយុ៤១ឆ្នាំ នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ប្រភពដដែលបានបញ្ជាក់ថា៖តាមការបំភ្លឺពីឈ្មោះ ទី សោភ័ណ ត្រូវជាកូនស្រី បានអោយដឹងថា មុនពេលស្លាប់គាត់បានឈ្លោះគ្នាជាមួយខ្លួន ពីរឿងដែលគាត់ហូបស្រាជាប្រចាំ ហើយខ្លួនបានស្តីបន្ទោសគាត់ខ្លះ នៅពេលនោះគាត់ខឹងក៏បានចេញពីផ្ទះ មកសុំផ្ទះឈ្មោះ គីង កំណើត អ្នកជិតខាងស្នាក់នៅលុះដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ វេលាប្រហែលម៉ោង ៤ជិតភ្លឺ គាត់បានបាត់ពីផ្ទះនេះរហូតដល់ម៉ោង ៧ស្រាប់តែឃើញគាត់ចងកនៅនឹងដើមឈើកំពស់ប្រហែល ២ម៉ែត្រ។
នគរបាលក្រុងបានបញ្ជាក់ថា ឆ្លងតាមការពិនិត្យលោកយាយពិតជាបាន ធ្វើអត្តឃាតខ្លួនឯងដោយ យកខ្សែអង្រឹងពណ៌ក្រហមចងភ្ជាប់ នឹងដើមឈើមានកម្ពស់ ២ម៉ែត្រ មានស្ពាយកូនកាបូបតូចពណ៌ខ្មៅ នៅជាប់នឹងខ្លួននិងមានលិខិតតូច ១ច្បាប់ ។ ក្រោយពីពិនិត្យរួចសពត្រូវបានប្រគល់ជូន ក្រុមគ្រួសារយកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ៕